រាជធានីខេត្តថៃចំនួន៦០ ខ្យល់អត់សុវត្ថិភាព
បរទេស ៖ គុណភាពខ្យល់បានធ្លាក់ចុះ ដល់កម្រិតគ្មានសុវត្ថិភាព នៅក្នុងរាជធានី-ខេត្តចំនួន ៦០ របស់ប្រទេសថៃ នេះបើតាមមជ្ឈមណ្ឌលព័ត៌មានសុខភាព របស់ក្រសួងសុខាភិបាលសាធារណៈ ចេញផ្សាយ ដោយកាសែត The Nation។
ប្រភពថា ខ្លួនបានដកស្រង់ទិន្នន័យ ពីនាយកដ្ឋានត្រួតពិនិត្យការបំពុល ហើយ អ្នកនាំពាក្យក្រសួង លោក Varoth Chotpitayasunondh បានពន្យល់ថា ក្នុងចំណោមរាជធានី-ខេត្ត ទាំងនេះ មាន៤៥ បានឈានដល់កម្រិត ពណ៌ទឹកក្រូច ជាមួយនឹងកម្រិត PM2.5 នៅចន្លោះពី ៣៧.៦ មីក្រូក្រាម ក្នុងមួយម៉ែត្រគូប ឡើងទៅ ហើយ រាជធានី-ខេត្តចំនួន ១៥ បានឈានដល់កម្រិតក្រហម រួមមាន Rayong, Ayutthaya, Bangkok, Phetchaburi, Saraburi, Sukhothai, Pathum Thani, Lopburi, Samut Sakhon, Prachinburi, Samut Prakan, Nonthaburi, Ratchaburi, Singburi និង Samut Songkhram។
ដោយសារការបំពុលខ្យល់ PM2.5 ត្រូវបានគេព្យាករណ៍ថា នឹងបន្តកើតមាន នៅតំបន់ភាគឦសាន បូព៌ា ទីក្រុងបាងកក និងតំបន់ជុំវិញ រហូតដល់ថ្ងៃទី ២៧ ខែមករា លោក Varoth Chotpitayasunondh បានណែនាំប្រជាជនឱ្យតាមដានគុណភាពខ្យល់ និងអនុវត្តតាមអនុសាសន៍ របស់ក្រសួង យ៉ាងតឹងរ៉ឹង។
អាជ្ញាធរបានណែនាំប្រជាជនពាក់ម៉ាស់ និងចៀសវាងសកម្មភាព នៅខាងក្រៅ៕
ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត