អភិបាលខេត្តបាត់ដំបងអញ្ជើញពិនិត្យស្រូវប្រាំងជាងពីរពាន់ហិកតាដែលទទួលការសង្រ្គោះ
បាត់ដំបង៖ ខណៈនេះប្រជាកសិករដែលធ្វើស្រូវប្រាំងនៅក្នុងតំបន់តេជោសែនអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់់ដំបង កំពុងរីករាយនិងត្រៀមប្រមូលផលស្រូវ បន្ទាប់ពីស្រែប្រាំងទាំងនេះទទួលការសង្រ្គោះទាន់ពេលពីមន្ទីរជំនាញ។
លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងឱ្យដឹងថា តំបន់ផលិតស្រូវប្រាំងអូរតាគី ឃុំអូរតាគី ស្រុកថ្មគោលក្នុងផែនការដាំដុះ៨០០ហិកតា។ក៏ប៉ុន្តែការដាំដុះជាក់ស្ដែងមានរហូតជាង២០០០ហិកតា។លោកបន្ថែមថាកាលពី២សប្តាហ៍មុនការសង្គ្រោះ ស្រែប្រាំងនៅតំបន់នេះបានប្រឈមនឹងខ្វះទឹកខ្លាំងក្នុងដំណាក់កាលដែលស្រូវចេញផ្កា។ ដោយមានសំណូមពរពីជាពលរដ្ឋ និងមានការយកចិត្តទុកដាក់ពីឯកឧត្ដម សុខលូ អភិបាលខេត្តបាត់ដំបងបានណែនាំ ឱ្យមន្ទីរធនធានទឹកនិងឧតុនិយមស្តារប្រឡាយនិងបើកទឹកពីអាងកំពីងពួយដើម្បីនាំទឹកយកមកសង្គ្រោះជាបន្ទាន់។លោកបន្តថា បច្ចុប្បន្នស្រែប្រាំងនៅតំបន់នេះត្រូវបានសង្គ្រោះទាំងស្រុងហើយស្រូវនៅទីនេះរយៈពេល៣ទៅ៤ថ្ងៃទៀតអាចច្រូតកាត់បានជាបណ្តើរៗ។
លោកប្រធានមន្ទីរបានឱ្យដឹងបន្ថែមថានៅដើមឆ្នាំ២០២៥ ការធ្វើស្រូវប្រាំង របស់កសិករនៅទូទាំងខេត្តបាត់ដំបង មានរហូតជាង៩ម៉ឺនហិកតា ស្មើនឹង៣៣៥ភាគរយលើផែនការដាំដុះជិត៣ម៉ឺនហិកតា។
ដោយឡែកក្នុងសប្ដាហ៍នេះដែរ កាលពីថ្ងៃទី២៣ ខែមករាឯកឧត្តម សុខ លូ អភិបាលខេត្បានអញ្ជើញទៅពិនិត្យដោយផ្ទាល់ ស្រូវប្រាំងជាងពីរពាន់ហិកតា ដែលទទួលបានការសង្រ្គោះនិងត្រៀមប្រមូលផលក្នុងពេលឆាប់ៗ។ឯកឧត្តមនិងក្រុមមន្រ្តីជំនាញ ក៏ បានអញ្ជើញទៅពិនិត្យ សំណង់ស្ទាក់ទឹកបវេល ឃុំបវេល សំណង់ស្ទាក់ទឹកតាហែន ឃុំក្ដុលតាហែនស្រុកបវេល។មើលស្រូវ ប្រាំងកំពុងខ្វះខាតទឹកមួយចំនួននៅក្នុងភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល ព្រមទាំងបន្តចុះពិនិត្យការបង្កបង្កើនផល និងពិនិត្យស្ថានភាពទឹកនៅប្រព័ន្ធធារាសាស្រ្ត”អាងកំពីងពួយ” នៅឃុំតាគ្រាម ស្រុកបាណន់ ។
ពេលចុះពិនិត្យតាមមូលដ្ឋាន ឯកឧត្តម សុខ លូ បានកោតសរសើរនិងថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាននិងមន្ត្រី ជំនាញពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់ខិតខំអស់លទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមខ្វះខាតទឹកជូនដល់ប្រជាកសិករ កន្លងមក ។ឯកឧត្តមក៏បានរំលឹកឱ្យមានការបម្រុងទឹកទុកសម្រាប់រដូវប្រាំងនេះផងដែរ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.