អាជ្ញាធរ កងកម្លាំង រួមគ្នាការពារ ទប់ស្កាត់ និងគ្រប់គ្រង តំបន់ បឹងទន្លេសាប ជានិច្ចនិរន្ត៍

(ខេត្តបន្ទាយមានជ័យ)៖ សក្តានុពលធនធានធម្មជាតិរបស់បឹងទន្លេសាប មិនអាចកាត់ថ្លៃបានឡើយ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ និងខិតខំប្រឹងប្រែងក្នុងការ ការពារ អភិរក្ស និងគ្រប់គ្រងបឹងទន្លេសាប មិនឱ្យទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើធនធានធម្មជាតិដ៏កម្រនេះ ដើម្បីរក្សាបាន នូវសម្បត្តិធម្មជាតិ បន្តដល់កូនចៅជំនាន់ក្រោយ សម្រាប់ជាប្រភពចំណូលជាតិ ប្រភពសន្តិសុខស្បៀង ជីវភាពរស់នៅ និងជាកេរដំណែលវប្បធម៌ជាតិ ក៏ដូចជាការចូលរួមក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ផងដែរ។

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប ក្នុងកិច្ចប្រជុំស្ដីពី វិធានការនៃការចូលរួមការពារ ទប់ស្កាត់ និងគ្រប់គ្រងតំបន់បឹងទន្លេសាប កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។

ឯកឧត្តម សរ គឹមសាន្ត បន្តទៀត ដោយអនុវតបាន នូវ បទបញ្ជាលេខ ០១ របស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរទន្លេសាប ចាំបាច់មានការចូលរួមពី រដ្ឋបាលខេត្ត អាជ្ញាធរក្រុងស្រុក មន្ត្រីជំនាញពាក់ព័ន្ធ និងកងកម្លាំង នៃខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ក្នុងនោះក៏មានខេត្តបន្ទាយមានជ័យ ផងដែរ សំដៅការពារ ទប់ស្កាត់ និងបង្ក្រាប រាល់សកម្មភាពដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មកលើដែនព្រៃលិចទឹក និងព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ដោយសារសកម្មភាពកាប់ទន្ទ្រាន ឈូសឆាយ ដុតបំផ្លាញ ព្រៃលិចទឹកយ៉ាងអាណាធិបតេយ្យ ដើម្បីតែប្រយោជន៍បុគ្គលក្នុងការជីកអាងទឹក ពង្រីកផ្ទៃដីកសិកម្ម និងការប្រើប្រាស់ជីគីមី ហួសកម្រិត ដែលបានបំផ្លាញដល់ជម្រកការពារដីសើម ការបាត់បង់ប្រភពទឹក ការបង្កផលប៉ះពាល់គុណភាពទឹក និងការបាត់ ជម្រកពងកូនរួមនឹងចំណីអាហារសម្រាប់ការលូតលាស់ធនធានមច្ឆាជាតិ និងជីវចម្រុះគ្រប់ប្រភេទ ជាពិសេសធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់លំនឹងប្រព័ន្ធអេកូឡូស៊ីតំបន់បឹងទន្លេសាបទាំងមូល។

លោក លៀម សុដា អភិបាលរងខេត្ត បានលើឡើងពីការ ចូលរួមទទួលខុសត្រូវ និងអនុវត្តយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការចុះបង្ក្រាប និងទប់ស្កាត់ ដើម្បីការពារថែរក្សា អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិតំបន់បឹងទន្លេសាប ជាពិសេសការទប់ស្កាត់ការបាត់បង់ដីព្រៃលិចទឹក និងព្រៃលិចទឹក នៅតាមភូមិសាស្ត្រក្នុងខេត្តរបស់ខ្លួនក្នុងតំបន់បឹងទន្លេសាប ។ ហើយជាមួយគ្នានេះ យើងបន្តធ្វើការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ឲ្យយល់ច្បាស់និងចូលរួមអនុវត្តច្បាប់ រួមទាំងផ្សព្វផ្សាយនូវ ទោសទណ្ឌនៃការ កាប់ទន្ទ្រាន ឈូសឆាយ រំលោភ បំផ្លាញព្រៃនិងដីតំបន់៣បឹងទន្លេសាប នេះ ៕

ដោយ ៖ គៀន ច័ន្ទហ៊ីន

ads banner