ឆ្នាំ២០២៤ ស្ថានីយជញ្ជីងថ្លឹងរថយន្តអចល័តបណ្តោះអាសន្នពុកឆ្មារខេត្តបាត់ដំបងរកឃើរថយន្តដឹកលើសទម្ងន់ជាងបួនម៉ឺនគ្រឿង
បាត់ដំបង៖លោក ហេង ប៊ុនលី ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តអចល័តបណ្តោះអាសន្នពុកឆ្មារ ខេត្តបាត់ដំបង បានឱ្យដឹងថា
ឆ្នាំ២០២៤កន្លងទៅនេះ ស្ថានីយថ្លឹងរថយន្តបានត្រួតពិនិត្យរថយន្តសរុបចំនួន១៣០ ២៦៦គ្រឿងនិងបានរកឃើញរថយន្ត ដឹកលើសទម្ងន់ចំនួន៤៣ ៤៤១គ្រឿង ក្នុងនេះលើសក្រោមកម្រិត៥ ភាគរយ មានចំនួន ៤៣ ៣៦៣គ្រឿង,លើសពី១០-២០ភាគរយចំនួន៦៧គ្រឿង, លើសពី២០ភាគរចំនួន១១គ្រឿងនិងចាប់ឃាត់ទុក រយៈពេលមួយឆ្នាំ ចំពោះរថយន្តល្មើស ក្នុងការដឹកលើសទម្ងន់មានកម្រិតលើសពី២០ភាគរយចំនួន១៦គ្រឿង។
លោកបន្តថា ដោយឡែកក្នុងខែមករា ឆ្នាំ២០២៥នេះក្រុមការងារជញ្ជីងថ្លឹងរថយន្តអចល័តបណ្តោះអាសន្នខេត្តបាត់ដំបង បានផាកពិន័យ និងឃាត់ទុករថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ចំនួនពីរគ្រឿង ។
លោកប្រធានស្ថានីយ បានបញ្ជាក់ពីប្រវត្តិនៃស្ថានីយជញ្ជីងថ្លឹងរថយន្តអចល័តបណ្តោះអាសន្នពុកឆ្មារ។ស្ថានីយបានបង្កើតនៅឆ្នាំ២០២១។ចាប់ពីខែកញ្ញា ឆ្នាំ២០២១ រហូតដល់ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថានីយបានត្រួតពិនិត្យយានយន្តសរុបជាង៣៦ម៉ឺនគ្រឿង។ក្នុងនោះបានធ្វើការផាកពិន័យនិងបានឃាត់ទុករយៈពេលមួយឆ្នាំចំពោះរថយន្តដែលផ្ទុកនិងដឹកលើសទម្ងន់ក្នុងកម្រិតលើសពី២០ភាគរយចំនួន១១គ្រឿង។បច្ចុប្បន្នមានរថយន្តចំនួន១៨គ្រឿងដែលត្រូវបានឃាត់រក្សាទុករយៈពេលមួយឆ្នាំ។
ដោយឡែកកាលពីថ្ងៃទី២៤ខែមករា ក្រុមការងារជញ្ជីងចល័តពិសេសនៃក្រសួងសាធារណការនិងដឹកជញ្ជូនដឹកនាំដោយ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានចុះត្រួតពិនិត្យរថយន្តលើសទម្ងន់កម្រិត កំណត់មួយគ្រឿងនៅខេត្តបាត់ដំបង។
តាមរយៈសកម្មភាពដោយម៉ឹងម៉ាត់ លោក ហេង ប៊ុនលី ប្រធានស្ថានីយបានអំពាវនាវដល់ម្ចាស់រថយន្តធុនធំដែលកំពុងប្រកប អាជីវកម្មដឹកជញ្ជូន សូមចូលរួមនិងគោរពតាមច្បាប់កំណត់ដោយមិនត្រូវផ្ទុកទំនិញលើសទម្ងន់ហួសកម្រិតដែលកំណត់នោះទេដែលបង្កឱ្យខូចខាតដល់ផ្លូវថ្នល់។
សូមបញ្ជាក់ថា ស្ថានីយជញ្ជីងថ្លឹងរថយន្តពុកឆ្មារខេត្តបាត់ដំបង មានទីតាំងស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិដំបូកខ្ពស់ ឃុំអូរដំបង ស្រុកសង្កែ ។គឺជាស្ថានីយជញ្ជីងអចល័តបណ្ដោះអាសន្នតែប៉ុណ្ណោះ។ “ស្ថានីយថ្មី”ដែលមានលក្ខណៈស្ដង់ដារ កំពុងដំណើរការក្នុងការសាងសង់ ដោយក្រុមអ្នកជំនាញការជប៉ុន ស្ថិតនៅចំណុចអូរសណ្ដាស់ នៃភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង៕
អត្ថបទនិងរូបភាព៖អ៊ុក សំអាន បប.