តស់ៗរួសរាន់ឡើង! ការទទួលចុះឈ្មោះ ទិវារត់ប្រណាំង Women Run 10K នឹងបិទបញ្ចប់នាថ្ងៃទី៥ ខែកុម្ភៈ ខាងមុខនេះ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី ២៥ ខែមករា នេះ គឺនៅសល់តែ១១ថ្ងៃទៀតប៉ុណ្ណោះ ការទទួលចុះឈ្មោះ ចូលរួមក្នុងព្រឹត្តិការណ៍ ទិវារត់ប្រណាំងស្ដ្រីចម្ងាយ ១០គីឡូម៉ែត្រ (Women Run 10K) លើកទី៤ ឆ្នាំ២០២៥ នឹងបិទបញ្ចប់ជាផ្លូវការហើយ ពោលគឺនៅថ្ងៃទី៥ ខែកុម្ភៈ ខាងមុននេះ ។ ខណៈដែលការប្រកួតនឹងចាប់ផ្ដើមជាផ្លូវការ នាព្រឹកថ្ងៃទី ៨ ខែមីនា នៅសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ។

ការរៀបចំនេះ គឺគោរពតាមគោលការណ៍របស់គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) ដែលបានជំរុញឲ្យបណ្ដាប្រទេសសមាជិក ជួយរៀបចំទិវាស្ដ្រី និងកីឡា ឲ្យបានច្រើន ពិសេសជំរុញ និងលើកទឹកចិត្តឲ្យស្ដ្រីចូលរួមដឹកនាំ និងសកម្មភាពកីឡាពីដែលស្របទៅនឹងអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ ហើយក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក៏កំពុងជំរុញ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការលេងកីឡានេះផងដែរ។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានមានប្រសាសន៍ថា៖ «ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ គឺបង្ហាញអំពីការយកចិត្តទុកដាក់លើបញ្ហាសុខភាពសាធារណៈ ក៏ដូចជាការបញ្ហាសុខភាពផ្ទាល់ខ្លួន។ ដូច្នេះកាលដែលយើងខិតខំប្រឹងប្រែងនេះ គឺអត់មានអ្វីក្រៅពីជួយដល់សង្គមជាតិ ជួយដល់ការរស់នៅប្រកបដោយគុណភាពជីវិតរបស់មនុស្សម្នាក់ៗនោះទេ ព្រោះកាលណាយើងធ្វើសកម្មភាពកីឡា ពិសេសការរត់ប្រណាំងនេះ គឺធ្វើឲ្យយើងសមត្ថភាព គុណភាព និងសុខភាពល្អ។ អ៊ីចឹងអ្នកចូលរួមនឹងទទួលបាននូវអត្ថប្រយោជន៍សម្រាប់ជីវិតរបស់ពួកគាត់ពិតប្រាកដ»។

សូមបញ្ជាក់ថា ទិវារត់ប្រណាំងបែបកម្សាន្ដ និងសុខភាពនេះ នឹងត្រូវចេញដំណើរ នាព្រឹកព្រលឹមថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ នៅបរិវេណមុខវត្តបទុមវតី ជាមួយការប្រកួត ២វិញ្ញាសា គឺរត់ចម្ងាយ ១០គីឡូម៉ែត្រ និង ៤គីឡូម៉ែត្រ ដោយមានគាំទ្រពេញទំហឹងពីរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ។ កម្មវិធីនេះដែរ រៀបចំឡើងក៏ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្ដរជាតិ ៨មីនា និងចូលរួមលើកតម្កើងសិទ្ធិ និងតួនាទីរបស់ស្ដ្រី ក្នុងគ្រួសារ ក្នុងវិស័យកីឡា និងសង្គមជាតិផងដែរ៕

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner