ហាម៉ាស-អ៊ីស្រាអែលដោះដូរចំណាប់ខ្មាំងនិងអ្នកទោស
បរទេស ៖ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន-ហាម៉ាស់ និង អ៊ីស្រាអែលបានធ្វើការដោះដូរអ្នកទោស និង ចំណាប់ខ្មាំង គ្នាទៅវិញទៅមក កាលពីថ្ងៃសៅរ៍ ក្រោមកិច្ចព្រមព្រៀង បទឈប់បាញ់ នៅតំបន់ហ្គាហ្សា។
នេះគឺជាលើកទី២ ហើយជាផ្នែកមួយនៃកិច្ចព្រមព្រៀង ចាប់តាំងពី បទឈប់បាញ់ បានចូលជាធរមាន កាលពីថ្ងៃអាទិត្យ សប្តាហ៍មុន ក្នុងនោះ ចំណាប់ខ្មាំង ជាស្ត្រីអ៊ីស្រាអែល ៤ នាក់ ត្រូវបានដោះលែង ទៅដល់ផ្ទះវិញ ក្នុងប្រទេសអ៊ីស្រាអែល បន្ទាប់ពីការចាប់ឃុំខ្លួន អស់រយៈពេលជាង១៥ ខែ នៅក្នុងតំបន់ហ្គាហ្សា។ ជាថ្នូរនឹងគ្នានេះ សេវាពន្ធនាគារ របស់អ៊ីស្រាអែល បានបញ្ជាក់ថា អ្នកទោស ២០០នាក់ ដែលខ្លួនហៅថា «ភេរវករ» ត្រូវបានដោះលែង។
នៅទីក្រុង Tel Aviv ជាកន្លែងដែលហ្វូងមនុស្ស បានប្រមូលផ្តុំគ្នា ដោយមាន ទាំងទឹកភ្នែក ជាមួយនឹងក្តីរីករាយ ការអបអរសាទរ ខណៈដែលទង់ជាតិអ៊ីស្រាអែល ត្រូវបានគ្រវី។
រីឯ ឡានក្រុងដឹកជនជាតិ ប៉ាឡេស្ទីន ដែលត្រូវបានដោះលែង បានចាកចេញពីគុក Ofer នៅក្នុងតំបន់ West Bank និង Ktziot ស្ថិតនៅតំបន់វាលខ្សាច់ Negev ។
គូរបញ្ជាក់ថា ក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងរយៈពេល៤២ថ្ងៃ ចំណាប់ខ្មាំង៣៣នាក់ បាននិងកំពុងត្រូវដោះលែង ដោយពួកហាម៉ាស់ ជាថ្នូរនឹងការដោះលែង ជនជាតិប៉ាឡេស្ទីន ប្រហែល១,៩០០នាក់ ដែលត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារ អ៊ីស្រាអែល៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត