Gaza ចាយពេល៦០ឆ្នាំ ទើបស្តារឡើងវិញបាន

បរទេស ៖ ប្រធានកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ ហៅកាត់ UNDP បានឲ្យដឹងថា ដើម្បីការអភិវឌ្ឍតំបន់ហ្គាហ្សាឡើងវិញបាន ត្រូវការរយៈពេល ៦០ឆ្នាំ ដោយគេដឹងថា តំបន់នេះ ត្រូវបានបំផ្លិចបំផ្លាញ យ៉ាងធ្ងន់ធ្ងរ ព្រោះជម្លោះប្រដាប់អាវុធ រយៈពេល ១៥ខែមកនេះ។

លោក Achim Steiner ប្រធាន UNDP បានប្រាប់ កាលពីថ្ងៃសៅរ៍ថា សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ នៅហ្គាហ្សារបស់ពួកប៉ាឡេស្ទីន រយៈពេលប្រមាណ ជាង១ឆ្នាំមកនេះ បាននាំឲ្យអគារ ២ភាគ៣ ត្រូវបានបំផ្លាញ ឬ ខូតខាត ក្នុងនោះ កម្ទេចកម្ទីថ្ម ត្រូវបានប៉ាន់ប្រមាណថា មានទំហំរហូតដល់ ៤២តោន បង្កការស្មុគស្មាញ យ៉ាងខ្លាំង។ លោកថា ដើម្បីអភិវឌ្ឍឡើងវិញ នៅតំបន់ហ្គាហ្សា ត្រូវការពេល ប្រមាណ៦០ឆ្នាំ ជាមួយនឹងថវិកា រាប់សិបពាន់លានដុល្លារ។

លោក Achim Steiner បាននិយាយបែបនេះ នៅក្នុងបទសម្ភាសន៍មួយ នៅឯកិច្ចប្រជុំប្រចាំឆ្នាំ របស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅក្នុងប្រទេសស្វីស។ 

ប្រធាន UNDP រូបនេះ បានបន្ថែមទៀតថា «មនុស្ស២លាននាក់ ដែលស្ថិតនៅក្នុងតំបន់ Gaza បានបាត់បង់ មិនត្រឹមតែ ទីជម្រកប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេបានបាត់បង់ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជា ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អុយ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងការគ្រប់គ្រងកាកសំណល់ ព្រមទាំង ហេដ្ឋារចនាសម្ព័ន្ធ ជាមូលដ្ឋាន ជាច្រើន ផ្សេងទៀត»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner