Rolls-Royce នឹងផលិតនាវាមុជទឹកនុយក្លេអ៊ែរឲ្យ​​អង់គ្លេស

បរទេស៖ ចក្រភពអង់គ្លេស បានយល់ព្រម លើកិច្ចព្រមព្រៀង ឲ្យក្រុមហ៊ុនផលិតឡាននិងម៉ាស៊ីនយន្តហោះ Rolls-Royce
ផលិតនាវាមុជទឹកនុយក្លេអ៊ែរ តម្លៃ ៩ពាន់លានផោន ឬ ១១ពាន់លានដុល្លារអាមេរិក។

រដ្ឋាភិបាលរបស់ចក្រភពអង់គ្លេសបានប្រកាស ពីកិច្ចព្រមព្រៀងនេះ ដើម្បីគាំទ្រដល់កំណើនកងនាវាមុជទឹកនុយក្លេអ៊ែរ របស់កងទ័ពជើងទឹក Royal Navy ដែលត្រូវបានគេមើលឃើញថា ជាការជំរុញ កំណើនសេដ្ឋកិច្ច និងសន្តិសុខជាតិ ព្រមជាមួយគ្នា។

ក្រោមកិច្ចព្រមព្រៀង រយៈពេលជាង៩ឆ្នាំ ជាមួយក្រុមហ៊ុន Rolls-Royce នេះ នឹងបង្កើតការងារ នៅចក្រភពអង់គ្លេស ច្រើនជាង១,០០០កន្លែង នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោកស្រី Maria Eagle ថ្លែងទៅកាន់សភាជាតិ នៅទីក្រុងឡុងដ៍ កាលពីពេលថ្មីៗនេះ។

លោកស្រី Eagle បានបន្ថែមថា «រដ្ឋាភិបាលអង់គ្លេសទទួលស្គាល់ថា ការការពារជាតិមានសារៈសំខាន់ មិនត្រឹមតែ សម្រាប់សន្តិសុខជាតិរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែជាកត្តាជំរុញដ៏សំខាន់ សម្រាប់កំណើនសេដ្ឋកិច្ច»។

គួរកត់សម្គាល់ នៅមុនថ្ងៃចូលកាន់តំណែង របស់ប្រធានាធិបតីអាមេរិក Donald Trump មន្ត្រីជាន់ខ្ពស់អង់គ្លេសបាននិយាយថា ប្រធានាធិបតីអាមេរិកថ្មីទទូចថា អឺរ៉ុប ត្រូវការចំណាយបន្ថែមទៀត ដើម្បីការពារទ្វីប របស់ខ្លួន។ អាល្លឺម៉ង់ ដែលជាក៏ជាអ្នកចំណាយលុយការពារជាតិ ច្រើននៅប្លុកអឺរ៉ុប ដូច អង់គ្លេស ផងដែរនោះ ក៏បាននិយាយ អំពីយន្តហោះប្រមាញ់នាវាមុជទឹក ដែលគ្រោងនឹងសហការ ធ្វើប្រតិបត្តិការ ជាមួយភាគីអង់គ្លេស ទៀតផង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner