សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ បានកត់សម្គាល់ប្រកបដោយមោទនភាពចំពោះសភាពការណ៍ទូទៅក្នុងឆ្នាំ២០២៤
សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា បានកត់សម្គាល់ប្រកបដោយមោទនភាពចំពោះសភាពការណ៍ទូទៅ ក្នុងឆ្នាំ២០២៤ ដែលធានាដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងការរស់នៅដ៏សុខសាន្តរបស់ប្រជាជននៅក្រោមម្លប់នៃសន្តិភាព។ នៅក្នុងអំឡុងពេលនេះ ទោះបីត្រូវជួបការលំបាកជាច្រើនក្តី ក៏រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា បានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្ររបស់ខ្លួន រាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ជោគជ័យ ក្នុងការដឹកនាំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបានឆ្លើយតបទៅនឹងសេចក្តីសង្ឃឹម និងការជឿជាក់របស់ប្រជាជន។ ជាក់ស្តែង សន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យជាតិ និងបូរណភាពទឹកដីត្រូវបានរក្សា ការពារយ៉ាងគត់មត់, សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពរឹងមាំ ព្រមជាមួយនឹងការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុសាធារណៈ និងស្ថិរភាពនៃជីវភាពរបស់ប្រជាជន។ ជាមួយនេះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងដៃគូអភិវឌ្ឍន៍នានាកាន់តែត្រូវបានពង្រឹង និងពង្រីកឡើង។
អង្គសន្និបាតបានវាយតម្លៃថា លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ នៅកម្ពុជាត្រូវបានការពារយ៉ាងរឹងមាំ និងអភិវឌ្ឍឥតឈប់ឈរ ដែលបានធានាដល់ការពង្រឹងសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការគោរពនូវសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ។ បណ្តាគណបក្សនយោបាយ អង្គការនៃសង្គមស៊ីវិល ប្រព័ន្ធព័ត៌មាន និងបណ្តាមជ្ឈដ្ឋានចម្រើនជឿនលឿនក្នុងសង្គមបានចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការនេះ។ ក្នុងស្មារតីលើកកម្ពស់វប្បធម៌សន្ទនា កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្តាគណបក្សនយោបាយ ដែលគណបក្សប្រជាជនកម្ពុជាបានធ្វើរួមគ្នាជាមួយគណបក្សនយោបាយផ្សេងៗចំនួន២៧ទៀត ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន។ ជាមួយគ្នានេះ សុខដុមនីយកម្មរវាងបណ្តាជនជាតិ វប្បធម៌ និងជំនឿសាសនានានាក្នុង សង្គមក៏កាន់តែត្រូវបានពង្រឹងឡើង។ ដោយឡែក ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ បានប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ប្រការទាំងនេះ បានបញ្ជាក់អំពីវិសាលភាពដ៏ទូលំទូលាយនៃលំហប្រជាធិបតេយ្យនិងភាពចាស់ទុំនយោបាយនៃសង្គមកម្ពុជា។
អង្គសន្និបាតបានវាយតម្លៃចំពោះដំណើរការនៃការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ដែលត្រូវបានយកចិត្តទុកដាក់ជំរុញអនុវត្តស្របតាមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ធ្វើឱ្យមានសន្ទុះរីកចម្រើនថ្មីៗទៀតក្នុងគ្រប់ការដ្ឋាននៃការកែទម្រង់។ ជាពិសេស តាមរយៈការអនុវត្តវិធានការគន្លឹះទាំង៥ បានធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកសាងរដ្ឋបាលសាធារណៈប្រកបដោយសមត្ថភាព និងភាពស្អាតស្អំ, ការកសាងធនធានមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌ និងកាយសម្បទា, ការពង្រីកវិសាលភាព និងប្រសិទ្ធភាពនៃប្រព័ន្ធគាំពារសង្គម, ការបង្កើតការងារ និងជំរុញផលិតកម្ម ព្រមទាំងការពង្រឹងសន្តិសុខ សុវត្ថិភាព និង យុត្តិធម៌សង្គម។ ជាមួយគ្នានេះ ការប្រយុទ្ធប្រឆាំងអំពើពុករលួយត្រូវបានពង្រឹងជាប្រចាំទាំងនៅថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ក្នុងទិសដៅកសាងសង្គមប្រកបដោយភាពស្អាតស្អំ យុត្តិធម៌ និងភាពថ្លៃថ្នូរ។
អង្គសន្និបាតបានកត់សម្គាល់ប្រកបដោយមោទនភាពចំពោះសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែល បានឆ្លុះបញ្ចាំងនូវភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលត្រូវប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ និងកត្តាអវិជ្ជមានជាច្រើនទៀត។ ជាក់ស្តែង ក្នុងឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាងើបឡើងក្នុងអត្រាកំណើន ៦,០%, អតិផរណាមានអត្រាទាប ០,៨%, អត្រាប្តូរប្រាក់រៀលមានស្ថិរភាពស្ថិតក្នុងរង្វង់ ៤ ០៧១រៀល ឯទុនបម្រុង អន្តរជាតិបានកើនឡើងដល់ ២២ ៥១១លានដុល្លារអាម៉េរិក ដែលអាចធានាការនាំចូលបានប្រមាណ ៧ខែ ក្នុងឆ្នាំ ២០២៤ ជាមួយនេះ ស្ថានភាពការងារក៏មានស្ថិរភាព។ លើមូលដ្ឋាននេះ ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានកាជនកម្ពុជ ប្រសើរឡើង ដែលបានឆ្លុះបញ្ចាំងតាមរយៈការបន្តកើនឡើងនៃផលិតផលសរុបក្នុងស្រុកជាមធ្យមក្នុងមនុស្សម្នាក់ពី ២ ៥២០ ដុល្លារ ក្នុងឆ្នាំ២០២៣ ដល់ប្រមាណ ២ ៧១៣ ដុល្លារ ក្នុងឆ្នាំ២០២៤។
ជាមួយនឹងការរីកចម្រើនខាងសេដ្ឋកិច្ច រាជរដ្ឋាភិបាលបានបន្តអនុវត្តយ៉ាងសកម្មនូវ “ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ រួមទាំងកម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ ដែលបានផ្តល់ផលវិជ្ជមានដល់ការរក្សាស្ថិរភាពជីវភាព និងការពង្រឹងសុខុមាលភាពប្រជាជន ការបណ្តុះបណ្តាលមុខជំនាញ និង ដោះស្រាយការងារធ្វើ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសការបង្កើនកិច្ចគាំពារសង្គមដល់ប្រជាជនក្រីក្រ និង ងាយរងហានិភ័យ។ បច្ចុប្បន្ន វិសាលភាពនៃការគ្របដណ្តប់របស់ប្រព័ន្ធគាំពារសង្គមបានរីកធំជាងមុន២ដង បើធៀប នឹងឆ្នាំ២០១៧ ដោយបានគ្របដណ្តប់ពលរដ្ឋជាង៧លាននាក់។ ប្រាក់បៀវត្សរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ និវត្តជន និងអតីតយុទ្ធជនត្រូវបានដំឡើងមួយកម្រិតទៀត។ ព្រមជាមួយនេះ ជីវភាពរបស់កម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក៏បានលើកកម្ពស់ជាលំដាប់តាមរយៈការពង្រឹងលក្ខខណ្ឌការងារ ការពង្រឹងរបប សន្តិសុខសង្គម និងការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ ២០៨ ដុល្លារអាម៉េរិកក្នុងមួយខែ សម្រាប់ឆ្នាំ ២០២៥ នេះ បើបូកសរុបទាំងអត្ថប្រយោជន៍ផ្សេងៗទៀត កម្មករនិយោជិតអាចទទួលបានប្រាក់ឈ្នួលចន្លោះពី ២២៥ ដល់ ២៣៦ ដុល្លារ យ៉ាងតិចក្នុង១ខែ។
អង្គសន្និបាតបានពិនិត្យ និងពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាប្រឈមនានាទាំងកត្តាខាងក្នុង ទាំងកត្តាខាង ក្រៅ ក្នុងដំណើរការកសាង និងការពារមាតុភូមិ ជាពិសេស អង្គសន្និបាតបានពិនិត្យឃើញថា សភាពការណ៍ជាតិនៅតែបន្តជួបការលំបាកជាច្រើន ដែលបណ្តាលមកពីទំនាក់ទំនងរវាងតម្រូវការនៃការលើកកម្ពស់ជីវភាពប្រជាជន និង លទ្ធភាពនៃការផ្គត់ផ្គង់របស់សេដ្ឋកិច្ចជាតិនៅមានកម្រិត, ការលំបាកដែលបណ្តាលមកពីសកម្មភាពប្រទូសរ៉ាយឥតឈប់ឈររបស់ពួកប្រឆាំងជ្រុលនិយម ដែលមានមជ្ឈដ្ឋានអគតិខាងក្រៅមួយចំនួននៅពីក្រោយប៉ុនប៉ងផ្តួលរំលំគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាលដោយស្របច្បាប់ ហើយព្រមជាមួយនេះ សភាពការណ៍អន្តរជាតិក៏កាន់តែស្មុគស្មាញឡើងៗ។ កត្តាទាំងនេះ បាននិងកំពុងជះឥទ្ធិពលមកលើដំណើរការអនុវត្តគោលនយោបាយរបស់គណបក្សលើគ្រប់ទិដ្ឋភាព ដូចជា បញ្ហាសន្តិភាព និងស្ថិរភាពនយោបាយ, បញ្ហាអធិបតេយ្យជាតិ, បញ្ហាព្រំដែន និងបូរណភាពទឹកដី, បញ្ហាដោះស្រាយជីវភាពប្រជាជន ជាដើម។ លើមូលដ្ឋាននេះ ដើម្បីការពាររាល់សមិទ្ធផល សង្គមជាតិ និងសម្រេចនូវសមិទ្ធផលធំៗថ្មីៗទៀត សន្និបាតបានដាក់ចេញទិសដៅសំខាន់ៗនៅក្នុងឆ្នាំ២០២៥ គឺ៖ ពង្រឹងធ្លុងមហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញ និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ការពារ យ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឱ្យកម្លាំងអមិត្តណា ឬក្រុមជ្រុលនិយមណាមកបង្កកលិយុគបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជាបានឡើយ។ ក្នុងស្មារតីនេះ បន្តលើកកម្ពស់ការអនុវត្តពាក្យស្លោក «អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!»។ បំផុសស្មារតីប្រជាជនទាំងមូលឱ្យយល់ច្បាស់អំពី «គុណតម្លៃនៃសុខសន្តិភាព» ហើយចូលរួមថែរក្សា និងការពារ ឱ្យបានដាច់ខាតនូវ «សុខសន្តិភាព» ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកគណបក្សប្រជាជនកម្ពុជា