គណបក្សប្រជាជនកម្ពុជា វាយតម្លៃថា លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ត្រូវបានការពារយ៉ាងរឹងមាំ និងអភិវឌ្ឍឥតឈប់ឈរ
(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា កត់សម្គាល់ប្រកបដោយមោទនភាពចំពោះសភាពការណ៍ទូទៅក្នុងឆ្នាំ២០២៤ ដែលធានាដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការរស់នៅដ៏សុខសាន្តរបស់ប្រជាជនក្រោមម្លប់នៃសន្តិភាព ។ នេះបើតាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ប្រព្រឹត្តទៅនៅថ្ងៃទី ២៥ និងថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥ នៅវិមាន៧មករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្ស, អមដោយអនុប្រធានទាំង៥រូប គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាល មន្ត្រី ព្រមទាំងអង្គការយុវជន បណ្តាអង្គការមហាជនរបស់គណបក្ស ដែលមានចំនួនសរុប ៣៥៥៥រូប ។
អង្គសន្និបាតបានកត់សម្គាល់ប្រកបដោយមោទនភាពចំពោះសភាពការណ៍ទូទៅ ក្នុងឆ្នាំ២០២៤ ដែលធានាដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការរស់នៅដ៏សុខសាន្តរបស់ប្រជាជននៅក្រោមម្លប់នៃសន្តិភាព ។ ក្នុងអំឡុងពេលនេះ ទោះបីត្រូវជួបការលំបាកជាច្រើនក្តី ក៏រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលជារាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា បានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្ររបស់ខ្លួនដោយជោគជ័យ ក្នុងការដឹកនាំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានឆ្លើយតបទៅនឹងសេចក្តីសង្ឃឹម និងការជឿជាក់របស់ប្រជាជន។ ជាក់ស្តែង សន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យជាតិ និងបូរណភាពទឹកដីត្រូវបានរក្សា ការពារយ៉ាងគត់មត់, សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពរឹងមាំ ព្រមជាមួយនឹងការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុសាធារណៈ និងស្ថិរភាពនៃជីវភាពរបស់ ប្រជាជន។ ជាមួយនេះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងដៃគូអភិវឌ្ឍន៍ នានាកាន់តែត្រូវបានពង្រឹង និងពង្រីកឡើង ។
អង្គសន្និបាតវាយតម្លៃថា លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ត្រូវបានការពារយ៉ាងរឹងមាំ និង អភិវឌ្ឍឥតឈប់ឈរ ដែលបានធានាដល់ការពង្រឹងសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការគោរពនូវសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ។ បណ្តាគណបក្សនយោបាយ អង្គការនៃសង្គមស៊ីវិល ប្រព័ន្ធព័ត៌មាន និងបណ្តាមជ្ឈដ្ឋានចម្រើនជឿនលឿនក្នុងសង្គមបានចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការនេះ។ ក្នុងស្មារតីលើកកម្ពស់វប្បធម៌សន្ទនា កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្តាគណបក្សនយោបាយ ដែលគណបក្សប្រជាជនកម្ពុជាបានធ្វើរួមគ្នាជាមួយគណបក្សនយោបាយផ្សេងៗចំនួន ២៧ ទៀត ត្រូវ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន។ ជាមួយគ្នានេះ សុខដុមនីយកម្មរវាងបណ្តាជនជាតិ វប្បធម៌ និងជំនឿសាសនានានាក្នុងសង្គមក៏កាន់តែត្រូវបានពង្រឹងឡើង។ ដោយឡែក ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ បានប្រព្រឹត្តទៅ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។ ប្រការទាំងនេះ បានបញ្ជាក់អំពីវិសាលភាពដ៏ទូលំទូលាយនៃលំហប្រជាធិបតេយ្យនិងភាពចាស់ទុំនយោបាយនៃសង្គមកម្ពុជា ។
អង្គសន្និបាត បានវាយតម្លៃចំពោះដំណើរការនៃការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ដែលត្រូវបានយកចិត្តទុកដាក់ជំរុញអនុវត្តស្របតាមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ធ្វើឱ្យមានសន្ទុះរីកចម្រើនថ្មីៗទៀតក្នុងគ្រប់ការដ្ឋាននៃការកែទម្រង់ ។ ជាមួយគ្នានេះ ការប្រយុទ្ធប្រឆាំងអំពើពុករលួយត្រូវបានពង្រឹងជាប្រចាំទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងទិសដៅកសាងសង្គមប្រកបដោយភាពស្អាតស្អំ យុត្តិធម៌ និងភាពថ្លៃថ្នូរ ។
អង្គសន្និបាតសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ក្រុមការងារគណបក្សចុះមូលដ្ឋាន អង្គការយុវជន បណ្តាអង្គការមហាជនរបស់គណបក្ស សមាជិក សមាជិកាគណបក្សនៅគ្រប់មូលដ្ឋាន ដែលបានរួមសាមគ្គីជុំវិញគណៈកម្មាធិការកណ្តាល យកអស់កម្លាំងកាយចិត្ត ខិតខំអនុវត្តកម្មវិធីនយោបាយ គោលការណ៍ និងសេចក្តីសម្រេចនានា របស់គណបក្សឱ្យសម្រេចបានលទ្ធផលល្អលើគ្រប់ផ្នែក និងសូមសម្តែងនូវការដឹងគុណចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលជឿជាក់ និងគាំទ្រយ៉ាងមុតមាំដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រយៈពេល ៤៦ឆ្នាំ ធ្វើឱ្យគណបក្ស មានលទ្ធភាពពេញលេញក្នុងការបម្រើជាតិ និងប្រជាជន ប្រកបដោយជោគជ័យ ។
គណបក្សប្រជាជនកម្ពុជា សូមអំពាវនាវដល់ជនរួមជាតិទាំងមូល បន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចសមិទ្ធផលធំៗថ្មីៗទៀតក្នុងការកសាង និងការពារមាតុភូមិកម្ពុជា ឆ្ពោះទៅរកអនាគតដ៏រុងរឿង លើមាគ៌ា សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ