ឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជា រំពឹងថា នឹងបន្តងើបក្នុងអត្រាកំណើន ៦,៣%
(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា បានកត់សំគាល់ថា ឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នឹងបន្តងើបក្នុងអត្រាកំណើន ៦,៣% ខណៈឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាងើបឡើងក្នុងអត្រាកំណើន ៦,០%, អតិផរណាមានអត្រាទាប ០,៨%, ឯទុនបម្រុង អន្តរជាតិបានកើនឡើងដល់ ២២ ៥១១អាម៉េរិក ។ នេះបើតាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ប្រព្រឹត្តទៅនៅថ្ងៃទី ២៥ និងថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥ នៅវិមាន៧មករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, អមដោយអនុប្រធានទាំង៥រូប គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាល មន្ត្រីគណបក្ស ព្រមទាំងអង្គការយុវជន បណ្តាអង្គការមហាជនរបស់គណបក្ស ដែលមានចំនួនសរុប ៣៥៥៥រូប ។
អង្គសន្និបាតបានកត់សម្គាល់ប្រកបដោយមោទនភាពចំពោះសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែល បានឆ្លុះបញ្ចាំងនូវភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលត្រូវប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍ អន្តរជាតិ និងកត្តាអវិជ្ជមានជាច្រើនទៀត។ ជាក់ស្តែង ក្នុងឆ្នាំ ២០២៤ សេដ្ឋកិច្ចកម្ពុជាងើបឡើងក្នុងអត្រាកំណើន ៦,០%, អតិផរណាមានអត្រាទាប ០,៨%, អត្រាប្តូរប្រាក់រៀលមានស្ថិរភាពស្ថិតក្នុងរង្វង់ ៤ ០៧១រៀល ឯទុនបម្រុង អន្តរជាតិបានកើនឡើងដល់ ២២ ៥១១លានដុល្លារអាម៉េរិក ដែលអាចធានាការនាំចូលបានប្រមាណ ៧ខែ ក្នុងឆ្នាំ ២០២៤ ជាមួយនេះ ស្ថានភាពការងារក៏មានស្ថិរភាព។ លើមូលដ្ឋាននេះ ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង ដែលបានឆ្លុះបញ្ចាំងតាមរយៈការបន្តកើនឡើងនៃផលិតផលសរុបក្នុងស្រុកជាមធ្យមក្នុងមនុស្សម្នាក ២ ៥២០ ដុល្លារ ក្នុងឆ្នាំ ២០២៣ ដល់ប្រមាណ ២ ៧១៣ដុល្លារ ក្នុងឆ្នាំ២០២៤។ លើមូលដ្ឋានការរីកចម្រើន ក្នុងឆ្នាំ២០២៤ ជាមួយនឹងការងើបឡើងវិញជាបណ្តើរៗ នៃសេដ្ឋកិច្ចសកល, សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៥ ត្រូវបានរំពឹងថា នឹងបន្តងើបក្នុងអត្រាកំណើន ៦,៣%។ ឆ្លងតាមការ វិវឌ្ឍនេះ ឆ្លុះបញ្ចាំងថា សេដ្ឋកិច្ចជាតិកំពុងត្រឡប់មករក ស្ថានភាពកំណើនដូចពេលមុនមានវិបត្តិជំងឺកូវីដ-១៩វិញ ។
ជាមួយនឹងការរីកចម្រើនខាងសេដ្ឋកិច្ច រាជរដ្ឋាភិបាល បានបន្តអនុវត្តយ៉ាងសកម្មនូវ “ក្របខណ្ឌគោល នយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥» រួមទាំងកម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ ដែលបានផ្តល់ផលវិជ្ជមានដល់ការរក្សាស្ថិរភាពជីវភាព និងការពង្រឹងសុខុមាលភាពប្រជាជន ការបណ្តុះបណ្តាលមុខជំនាញ និងដោះស្រាយការងារធ្វើ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសការបង្កើនកិច្ចគាំពារសង្គមដល់ប្រជាជនក្រីក្រ និងងាយរងហានិភ័យ។ បច្ចុប្បន្ន វិសាលភាពនៃការគ្របដណ្តប់របស់ប្រព័ន្ធគាំពារសង្គមបានរីកធំជាងមុន ២ដង បើធៀបនឹងឆ្នាំ២០១៧ ដោយបានគ្របដណ្តប់ពលរដ្ឋជាង ៧លាននាក់។ ប្រាក់បៀវត្សរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តជន និងអតីតយុទ្ធជន ត្រូវបានដំឡើងមួយកម្រិតទៀត។ ព្រមជាមួយនេះ ជីវភាពរបស់កម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក៏បានលើកកម្ពស់ជាលំដាប់តាមរយៈការពង្រឹងលក្ខខណ្ឌការងារ ការពង្រឹងរបបសន្តិសុខសង្គម និងការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ ២០៨ដុល្លារអាម៉េរិកក្នុងមួយខែ សម្រាប់ឆ្នាំ២០២៥ នេះ បើបូកសរុបទាំងអត្ថប្រយោជន៍ផ្សេងៗទៀត កម្មករនិយោជិតអាចទទួលបានប្រាក់ឈ្នួលចន្លោះពី ២២៥ ដល់ ២៣៦ដុល្លារ យ៉ាងតិចក្នុង១ខែ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ