ឃុំ-សង្កាត់ ចំនួន ៥ និងភូមិចំនួន ៥ ទទួលបានជ័យលាភី ប្រឡងប្រណាំងផ្ទៃក្នុងខេត្តកណ្តាល «ភូមិ-ឃុំ សង្កាត់ មានសុវត្តិភាព» ក្នុងវិស័យបរិស្ថាន
(ភ្នំពេញ)៖ គណៈកម្មការវាយតម្លៃជ័យលាភីថ្នាក់ក្រុងស្រុក សម្រាប់កម្មវិធីប្រឡងប្រណាំងផ្ទៃក្នុងខេត្ត«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន បានសម្រេចផ្តល់ជ័យលាភីដល់ឃុំ-សង្កាត់ ចំនួន៥ និងភូមិចំនួន៥ ដែលបានចូលរួមការប្រឡងប្រណាំងផ្ទៃក្នុងនេះ នៅតាមបណ្តាក្រុងស្រុកទាំង ១៣ នៃខេត្តកណ្តាល ។
ពិធីប្រកាសជ័យលាភី និងការប្រគល់ពានរង្វាន់ បានធ្វើឡើងនៅសាលាខេត្តកណ្តាល នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដើម្បីបញ្ជាក់ពីការគាំទ្រ និងលើកទឹកចិត្តចំពោះការបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថានជាសេនាធិការ ក្នុងការជំរុញលើវិស័យបរិស្ថាន ប្រកបដោយភាពស្អាត ភាពបៃតង ។
ឯកឧត្តមអភិបាលខេត្តកណ្តាល បានជំរុញឲ្យក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ យកលទ្ធផលនេះទៅបន្តការផ្សព្វផ្សាយ ដើម្បីភូមិឃុំផ្សេងទៀត ដែលពុំបានជាប់ចំណាត់ថ្នាក់បន្តខិតខំយកចិត្តទុកដាក់ថែរក្សាបរិស្ថាន ក៏ដូចជាឲ្យពួកគាត់បានត្រៀមលក្ខណៈចូលរួមប្រកួតនៅលើក្រោយទៀត សំដៅឱ្យភូមិឃុំទាំងអស់មានភាពស្អាតរហូត ខណៈចំនួនភូមិសរុបនៅក្នុងខេត្តដែលបានចូលរួមទើបតែមានត្រឹម១០ភាគរយប៉ុណ្ណោះ។ ឯកឧត្តម បន្តថា «ប្រសិនបើមានស្មារតីនេះជាប្រចាំនោះ ភូមិឃុំយើងនឹងមានភាពស្អាតជារៀងរហូត ហើយភាពស្អាតនេះហើយ នឹងទាក់ទាញបាននូវកំណើនទេសចរ និងការវិនិយោគបន្ថែមទៀត»។
បើតាមរបាយការណ៍របស់ លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល បានឱ្យដឹងថា ឃុំ-សង្កាត់ឆ្នើម សម្រាប់កម្មវិធីប្រឡងប្រណាំងផ្ទៃក្នុងខេត្ត«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន ទាំង៥ ក្នុងចំនួន ១៣ក្រុង-ស្រុក នៃខេត្តកណ្តាល មាន ៖ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ, សង្កាត់តាខ្មៅ ក្រុងតាខ្មៅ, ឃុំសំរោងលើ ស្រុកអង្គស្នួល, ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល, សង្កាត់សំពៅពូន ក្រុងសំពៅពូន។ ចំនួនភូមិឆ្នើមទាំង៥មាន៖ ភូមិកំពង់សំណាញ់ ស្ថិតក្នុងក្រុងតាខ្មៅ, ភូមិព្រែកជ្រូក ស្ថិតក្នុងក្រុងអរិយក្សត្រ, ភូមិស្តៅកន្លែង ស្ថិតក្នុងស្រុកកៀនស្វាយ, ភូមិបឹងក្រោម ស្ថិតក្នុងស្រុកលើកដែក, និងភូមិថ្នល់ទទឹង ស្រុកអង្គស្នួល ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានរៀបចំចលនាការរៀបចំប្រឡងប្រណាំងផ្ទៃក្នុងខេត្ត«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»ក្នុងវិស័យបរិស្ថាន រៀងរាល់២ឆ្នាំម្តង ដោយក្នុងនោះសម្រាប់ខេត្តកណ្ដាលឆ្នាំ២០២៣ មានភូមិចំនួន ១២៣ និងឃុំ-សង្កាត់ ចំនួន ១២២ បានចូលរួមការប្រឡងប្រណាំងផ្ទៃក្នុងនេះ នៅតាមបណ្តាក្រុងស្រុកទាំង ១៣ នៃខេត្តកណ្តាល។
ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល បានឱ្យដឹងថា ការវាយតម្លៃជ័យចំពោះលាភី គឺផ្អែកលើឯកសារភស្តុតាងគាំទ្រសូចនាករដាក់ពិន្ទុលើលក្ខណៈវិនិច្ឆ័យចំនួន៣ សូចនាករចំនួន១០ និងមធ្យោបាយផ្ទៀងផ្ទាត់ចំនួន ៩១ចំណុច ដែលបានកំណត់ក្នុងវិស័យបរិស្ថានមាន ៖ អនាម័យ មានសោភ័ណភាពល្អ និងបរិស្ថានល្អ ។
សូចនាករចំនួន១០ ទី១. គ្មានសំណល់រឹង(សំរាម), ទី២. គ្មានសំណល់រាវ(ទឹកកខ្វក់), ទី៣. មានទឹកស្អាតប្រើប្រាស់, ទី៤. មានបង្គន់អនាម័យ, ទី៥. មានរុក្ខជាតិ(ដើមឈើ), ទី៦. មានការតុបតែងលម្អ, ទី៧. មានទេសភាពស្អាត, ទី៨. ទទួលការអប់រំនិងផ្សព្វផ្សាយ, ទី៩. ចូលរួមការពារធនធានធម្មជាតិ, និងទី១០. ចូលរួមអភិវឌ្ឍន៍សហគមន៍ ៕





ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា