ជើងឯកថ្នាក់ជាតិកីឡាទោចក្រយានរកឃើញធនធានឆ្នើមៗទាំង ៨វិញ្ញាសា
ការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ បានបិទបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការរយៈពេល ៣ថ្ងៃ នៅខេត្តកំពត ខណៈមន្ដ្រីជំនាញបានវាយតម្លៃខ្ពស់ចំពោះគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីចូលរួម ដែលប្រជែងបានជ័យលាភីលើវិញ្ញាសាទាំង៨។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជាបានគូសបញ្ជាកថា ការប្រកួតនេះមានសមាគម-ក្លឹបជា២០ បើធៀបឆ្នាំមុន មានការថយចុះ ១០ក្លឹប ដោយសារឆ្នាំនេះ សហព័ន្ធបានរៀបចំលើផ្លូវ ដែលមានស្ថានភាពលំបាក និងជាការប្រកួតជ្រើសរើសកីឡាករប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥។ គោលដៅសំខាន់ នៃការប្រកួតជើងឯកថ្នាក់ជាតិលើកនេះ គឺជាការធ្វើតេស្ដសមត្ថភាពក្រុមជម្រើសជាតិ បន្ទាប់ពីពួកគេបានប្រមូលផ្ដុំហ្វឹកហាត់ កាលពីឆ្នាំ២០២៤ កន្លងមក ដើម្បីវាយតម្លៃសមត្ថភាពពួកគេ។ ការប្រកួតជើងឯកថ្នាក់ជាតិនេះត្រូវបានសហព័ន្ធដាក់៨វិញ្ញាសា ហើយជាលទ្ធផល គឺក្លឹបក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៦គ្រឿង មានមាស ៣ ប្រាក់ ១ និងសំរឹទ្ធ២, ក្លឹបកង់គិរីរម្យ មេដាយមាស ២ និងប្រាក់១ ឈរលេខ២ ខណៈ ក្លឹប Electro Racing ឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ២ ឈរលេខ៣។ ក្នុងនាមសហព័ន្ធ លោក នូ ចំរើន បានអរគុណដល់ក្រសួងអប់រំ រដ្ឋបាលខេត្តកំពត និងដៃគូឧបត្ថម្ភ ដែលបានឧបត្ថម្ភគាំទ្រ និងជំរុញឱ្យព្រឹត្តិការណ៍ប្រចាំឆ្នាំនេះបញ្ចប់ដោយជោគជ័យ៕













ដោយ ជាវ ចន្ធូ