ក្រសួងរៀបចំដែនដី ស្នើឱ្យដាក់បញ្ចូលបញ្ហាសារធាតុអាបេស្តូស នៅក្នុងក្របខ័ណ្ឌគោលនយោបាយគ្រឿងបង្គុំសំណង់ ដើម្បីជៀសវាងការបង្កហានិភ័យប៉ះពាល់ដល់សុខភាពសាធារណៈ និងរក្សាបាននូវឧត្តមប្រយោជន៍សម្រាប់ឧស្សាហកម្មសំណង់នៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសិក្ខាសាលាពិគ្រោះយោបល់ពាក់ព័ន្ធនឹងហានិភ័យនៃការប្រើប្រាស់សារធាតុអាបេស្តូសក្នុងវិស័យសំណង់ នាព្រឹកថ្ងៃទី២៧ ខែមករាឆ្នាំ២០២៥ បានស្នើឱ្យដាក់បញ្ចូលបញ្ហាសារធាតុអាបេស្តូសនេះ នៅក្នុងក្របខ័ណ្ឌគោលនយោបាយគ្រឿងបង្គុំសំណង់ ដូច្នេះយើងត្រូវមានគោលនយោបាយគ្រប់គ្រាន់ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាបេស្តូសនេះដើម្បីជៀសវាងការបង្កហានិភ័យប៉ះពាល់ដល់សុខភាពសាធារណៈ និងរក្សាបាននូវឧត្តមប្រយោជន៍សម្រាប់ឧស្សាហកម្មសំណង់នៅកម្ពុជា ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា នេះគឺជាពេលវេលាដែលយើងចាប់ផ្ដើមបើកទំព័រថ្មីមួយទៀតសម្រាប់វិស័យសំណង់ ហើយជាពេលវេលាដែលយើងត្រូវសម្រេចចិត្តដោយខ្លួនឯងក្នុងការកំណត់ជោគវាសនាអនាគតរបស់ខ្លួន ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សារធាតុអាបេស្តូសគឺជាប្រភេទគ្រឿងបង្គុំសំណង់មួយដែលត្រូវបានប្រើប្រាស់នៅក្នុងប្រទេសកម្ពុជានាពេលកន្លងមករហូតមកដល់បច្ចុប្បន្នដោយសារតែយើងមិនបានដឹងអំពីហានិភ័យនៃការប្រើប្រាស់សារធាតុនេះ។

សិក្ខាសិលាពិគ្រោះយោបល់ដែលរៀបចំឡើងក្នុងពេលនេះគឺជាវេទិកាសម្រាប់សិក្ខាកាមទាំងអស់ រួមគ្នាសម្រេចចិត្តឱ្យបានត្រឹមត្រូវ ដែលនេះជាការទទួលខុសត្រូវចំពោះជាតិកម្ពុជាទាំងមូល និងចូលរួមផ្ដល់មតិយោបល់ថាតើយើងគួរកំណត់ការប្រើប្រាស់សារធាតុអាបេស្តូសក្នុងកម្រិតណាមួយនិងមានលក្ខខណ្ឌណាមួយដើម្បីទប់ស្កាត់ការបង្កហានិភ័យដល់សុខភាពប្រជាជនកម្ពុជា ឬត្រូវហាមប្រាមមិនឱ្យប្រើប្រាស់សារធាតុអាបេស្តូសនេះក្នុងវិស័យសំណង់នៅកម្ពុជា ៕

ដោយ ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner