ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ប្រគល់ កុំព្យូទ័រដល់ ក្រសួងទេសចរណ៍ សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រគល់កំព្យុទ័រ ដល់ក្រសួងទេសចរណ៍ សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។

ពិធីប្រគល់-ទទួលកុំព្យូទ័រនេះ គឺបានធ្វើឡើងដោយផ្អែកតាមស្មារតីនៃអនុស្សរណៈនៃការយោគ យល់រវាងក្រសួងទេសចរណ៍ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានចុះហត្ថលេខាជាមួយគ្នា ក្នុងគោល បំណងរួមសហការគ្នាអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ សំដៅជំរុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរ និងប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងអំណរគុណដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានសហការ សម្របសម្រួល លើការងារជួយពង្រឹងការធ្វើទំនើបកម្ម និងជំរុញបរិវត្តកម្មឌីជីថលដល់ក្រសួងទេសចរណ៍ ដើម្បីពង្រឹង និងពន្លឿនការងារឲ្យកាន់តែងាយស្រួល និងប្រសើរឡើងថែមមួយកម្រិតទៀត។ ការជំរុញបរិវត្តកម្មឌីជីថលនៅក្រសួងទេសចរណ៍ និងរួមចំណែកកសាង រដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយជាអាទិភាព របស់រាជរដ្ឋាភិបាល តាមរយៈការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ។

ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា ដើម្បីចូលរួមអនុវត្តអាទិភាពគន្លឹះទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានកំណត់យកបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតប ទៅនឹងនិន្នាការសកលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ឈានទៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្រសួងទេសចរណ៍ មិនរារែកក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថលឡើយ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងដើម្បីគាំទ្រដល់តម្រូវការរបស់រាជរដ្ឋាភិបាល និងសង្គមកម្ពុជា ដែលកំពុងវិវត្តទៅមុខយ៉ាងឆាប់រហ័សនេះ។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានបញ្ជាក់ថា ការពង្រឹង និងការជំរុញបរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាល គឺជាកិច្ចការអាទិភាព ដើម្បីគោលដៅរួមក្នុងការបំរើប្រជាពល រដ្ឋឲ្យកាន់តែប្រសើរឡើងជាលំដាប់ និងជាផ្នែកមួយនៃការចូល រួមលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner