រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរដែលជាសំណើរបស់រាជរដ្ឋាភិបាលប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា
ភ្នំពេញ៖ រដ្ឋសភាបានទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរ គឺសេចក្តីព្រាងច្បាប់ស្តីពីការប្រឆំាងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក ដែលជាសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា រួចធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ ការទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា គឺដើម្បីពិភាក្សាអនុម័តលើរបៀបវារៈចំនួន៥។
នៅក្នុងនោះកិច្ចប្រជុំបានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរដែលជាសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា រួចធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។
គួរឱ្យដឹងថា សេចក្តីព្រាងច្បាប់ទំាងពីរនោះមាន សេចក្តីព្រាងច្បាប់ស្តីពីការប្រឆំាងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។
ជាមួយគ្នានេះ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានពិនិត្យសម្រេចលើនីតិវិធីការងារផ្ទៃក្នុងរដ្ឋសភាចំនួនបីផងដែរ មានសេចក្តីព្រាងសេចក្តីសម្រេចស្តីពីបែបបទ នីតិវិធី និងវិធាននៃការតំាងសំណួរចម្លើយនិងការបំភ្លឺនៅរដ្ឋសភា សេចក្តីព្រាងសេចក្តីសម្រេចស្តីពីបែបបទការងារគណៈកម្មការនានានៃរដ្ឋសភា និងសេចក្តីព្រាងសេចក្តីសម្រេចស្តីពី បែបបទនិងនីតិវិធីនៃការចុះបំពេញបេសកកម្មរបស់គណៈកម្មការនានានៃរដ្ឋសភា៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា


