Smart Axiata ពង្រឹងវិសាលភាពនៃបណ្ដាញសេវាទូរស័ព្ទ និងជំរុញការអភិវឌ្ឍផ្នែកឌីជីថល ដោយបន្ថែមអង់តែនជាង ៤០០ ក្នុងឆ្នាំ ២០២៤
ភ្នំពេញ ៖ Smart Axiata ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយបច្ចេកវិទ្យា និងទូរគមនាគមន៍នៅកម្ពុជា បានប្រកាសពីសមិទ្ធផល ដែលចូលរួមលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងឌីជីថលនៅកម្ពុជា។ ក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុននេះ បានបន្ថែមអង់តែនសេវាថ្មីៗ ប្រមាណជា ៤៧៥ ទីតាំង និងសម្រេចបាននូវអង់តែនសរុបចំនួន ៤ ០០០ ទីតាំង។ ការពង្រីកសេវាទូរសព្ទនេះ នឹងជួយសម្រួលគុណភាពសេវាទូរសព្ទឱ្យកាន់តែទូលំទូលាយសម្រាប់ប្រជាជនកម្ពុជារាប់លាននាក់។
ទន្ទឹមនឹងសមិទ្ធផលនេះដែរ Smart ក៏បានពង្រឹងសេវា ចំនួន ២៥០០ Sectors នៅតាមបណ្តាស្ថានីយ៍អង់តែនដែលបានសាងសង់រួច ព្រមទាំងបំពាក់ឧបករណ៍ថ្មីៗសម្រាប់ស្ថានីយជាង ៨០០ ដើម្បីអាចផ្គត់ផ្គង់នូវកំណើននៃតម្រូវការបណ្ដាញសេវាទូរសព្ទក្នុងពេលបច្ចុប្បន្ន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ជួយបង្កើនគុណភាពសេវាទូរសព្ទកាន់តែប្រសើរ សម្រាប់ជាង ២០០ ទីតាំងជាងបន្ថែមទៀត ដែលនេះបានឆ្លុះបញ្ចាំងពីសក្ដានុពលរបស់ក្រុមហ៊ុន Smart ក្នុងការបន្តផ្គត់ផ្គង់ និងចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៃវិស័យទូរគមនាគមន៍នៅពាសពេញផ្ទៃប្រទេស។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន Smart Axiata បានវិនិយោគលើការពង្រីកបណ្ដាញសេវា ដោយចំណាយទុនប្រមាណជា ៥០ លានដុល្លារ។ ការវិនិយោគនេះ បង្ហាញពីការប្ដេជ្ញារបស់ក្រុមហ៊ុន ក្នុងការពង្រីកការភ្ជាប់បណ្ដាញសេវាទៅកាន់គ្រប់តំបន់នៅទូទាំងប្រទេស។ សមិទ្ធផលនេះមិនត្រឹមតែសបញ្ជាក់ពីយុទ្ធសាស្រ្តក្នុងការផ្ដល់សេវាកាន់តែទូលំទំលាយប៉ុណ្ណោះទេ តែនេះក៏ជាកាតាលីករនៃការអភិវឌ្ឍន៍ដ៏សំខាន់ ដែលស្របទៅនឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ របស់រដ្ឋាភិបាលកម្ពុជាផងដែរ។
សេវាទូរសព្ទកាន់តែទំលំទូលាយ ដែលជួយភ្ជាប់គម្លាតឌីជីថល
ក្រុមហ៊ុន Smart Axiata បាននិងកំពុងភ្ជាប់នូវគម្លាតឌីជីថលសម្រាប់ប្រជាពលរដ្ឋខ្មែរ តាមរយៈការពង្រីកសេវាទូរសព្ទក្នុងតំបន់ និងសហគមន៍នានា។ សកម្មភាពទាំងនេះ បានចូលរួមជ្រោមជ្រែងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ និងផ្ដល់នូវភាពងាយស្រួលក្នុងការស្វែងរកព័ត៌មាន ការប្រើប្រាស់សេវាកម្មធនាគារឌីជីថល ការអប់រំ និងការកម្សាន្តជាដើម។ លោក Ziad Shatara នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានលើកឡើងថា “ស្របពេលដែលបរិវត្តកម្មឌីជីថលបានប្រព្រឹត្តទៅកាន់តែឆាប់រហ័ស ប្រព័ន្ធអុីនធឺណិតដែលមានស្ថេរភាពកាន់តែមានសារៈសំខាន់។ បច្ចុប្បន្ននេះ ស្ទើរតែគ្រប់សកម្មភាពទាំងអស់គឺស្ថិតនៅលើប្រព័ន្ធឌីជីថល តាំងពីការប្រើប្រាស់ធនាគារ ការកម្សាន្ត និងការអប់រំ។ យើងក៏ឃើញដែរថា ប្រជាជនកម្ពុជាកំពុងត្រូវការទិន្នន័យសម្រាប់ប្រើប្រាស់អុីធឺណិតកាន់តែច្រើន។” លោកក៏សង្ឃឹមថា ការពង្រីកវិសាលភាពនៃសេវាទូរសព្ទរបស់ក្រុមហ៊ុន នឹងជួយឱ្យប្រជាជន និងអាជីវកម្មក្នុងប្រទេសកម្ពុជាអាចទាញយកផលប្រយោជន៍ពីការរីកចម្រើននៃប្រព័ន្ធឌីជីថលផងដែរ។
ការចូលរួមភ្ជាប់គម្លាតឌីជីថល សន្តិសុខសាយប័រ និងចីរភាព
ស្របពេលដែល Smart Axiata បន្តពង្រីកវិសាលភាពនៃសេវាទូរសព្ទនេះ ក្រុមហ៊ុនក៏មានឆន្ទៈក្នុងការសហការជាមួយដៃគូរសំខាន់ៗផងដែរ ដែលរួមមាន ក្រសួងប្រៃសណីសយ៍និងទូរគមនាគមន៍ និយ័តករទូរគមនាគមន៍កម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលផ្សេងៗទៀត។ កិច្ចសហការទាំងនេះ ប្រព្រឹត្តឡើងក្នុងគោលបំណង ផ្សារភ្ជាប់គម្លាតឌីជីថលនៅក្នុងប្រទេសកម្ពុជា និងពង្រឹងអក្ខរកម្មឌីជីថល ក៏ដូចជាសាបព្រួសជំនាញឌីជីថលសំខាន់ៗដទៃទៀត ដែលជាជំនាញចាំបាច់សម្រាប់ពេលបច្ចុប្បន្ននេះ។ ជាមួយគ្នានេះដែរ Smart Axiata ក៏ចូលរួមលើកម្ពស់សុវត្ថិភាពលើប្រព័ន្ធអុីនធឺណិត សម្រាប់អ្នកប្រើប្រាស់ តាមរយៈការចែករំលែកគន្លឹះសំខាន់ៗដើម្បីការពារសុវត្ថិភាព រួមជាមួយការផ្សព្វផ្សាយពីវិធីសាស្រ្តក្នុងការរាយការណ៍ករណីដែលទាក់ទងនឹងការកេងប្រវ័ញ្ច ឬការរំលោភបំពានលើកុមារ ដើម្បីជំរុញឱ្យមាតិបិតា និងអាណាព្យាបាលកុមាររងគ្រោះ អាចចាត់វិធានការបានទាន់ពេលវេលា។ បន្ថែមពីនេះទៀត ក្រុមហ៊ុន Smart Axiata ក៏បានរួមសហការជាមួយ SecurityGen ដែលជាក្រុមហ៊ុនសន្តិសុខទូរគមនាគមន៍ មានការទទួលស្គាល់លំដាប់ពិភពលោក ដើម្បីអនុវត្តវិធានការការពារដូចជា Next Generation Signaling Firewall និង Intrusion Detection System ដើម្បីការពារទិន្នន័យរបស់អតិថិជន និងសុវត្ថិភាពនៃ បណ្ដាញរបស់ក្រុមហ៊ុន។
