ByteDance គ្រោងបោះទុនរាប់ពាន់លានដុល្លារលើ AI ក្នុងឆ្នាំ ២០២៥
ប៉េកាំង ៖ ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok នៅក្នុងឆ្នាំ ២០២៥នេះ មានផែនការបោះទុនវិនិយោគជាង ២០ពាន់លានដុល្លារ ដែលលុយភាគច្រើននឹងចាយវាយលើការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
ប្រភពចំនួនពីរក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សឯកជនមួយនេះ គ្រោងបោះទុនច្រើនជាងពាក់កណ្តាលនៃថវិកាសរុបទៅលើការអភិវឌ្ឍ AI, មជ្ឈមណ្ឌលទិន្នន័យសំខាន់ៗ និងឧបករណ៍បណ្ដាញអ៊ីនធឺណិត។

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដែលនឹងទទួលផលពីការវិនិយោគរបស់ ByteDance នេះ មានដូចជាក្រុមហ៊ុនផលិតបន្ទះឈីបចិន Huawei និងក្រុមហ៊ុនរដ្ឋចិន Cambricon បូករួមទាំងក្រុមហ៊ុន Nvidia របស់អាមេរិក។

ជុំវិញការចេញផ្សាយរបស់កាសែតរ៉យទ័រខាងលើនេះ ByteDance បានចេញមកអះអាងថា ព័ត៌មានដែលឮចេញពីប្រភពអនាមិកអំពីការចំណាយរបស់ពួកគេនេះ គឺមិនត្រឹមត្រូវទេ ប៉ុន្តែក្រុមហ៊ុននេះមិនបានបញ្ជាក់លម្អិតថាតើយ៉ាងណានោះទេ។
ចំណែកក្រុមហ៊ុន Nvidia បានបដិសេធមិនធ្វើអត្ថាធិប្បាយ ហើយក្រុមហ៊ុន Huawei និងក្រុមហ៊ុន Cambricon ក៏មិនបានឆ្លើយតបភ្លាមៗចំពោះបញ្ហានេះដែរ។

យ៉ាងណា ដំណឹងនេះបានបែកធ្លាយ ចំពេលដែល ByteDance កំពុងដោះស្រាយអនាគតនៃកម្មវិធី TikTok នៅលើទឹកដីអាមេរិក ទោះជាលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិពន្យារពេល ៧៥ថ្ងៃទៀត ក្នុងការអនុវត្តការហាមឃាត់លើកម្មវិធីវីដេអូខ្លីៗដ៏ល្បីមួយនេះក៏ដោយ៕
ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា
