អ៊ីស្រាអែលថា Trump ព្រមឲ្យគ្រាប់បែកទម្ងន់៩០០​គីឡូក្រាម

បរទេស៖ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ បានថ្លែងកោតសរសើរ លោក Donald Trump សម្រាប់ការផ្តល់ឱ្យអ៊ីស្រាអែល នូវអ្វីដែលលោកបានពិពណ៌នាថាជា «ឧបករណ៍» ដើម្បីការពារខ្លួន បន្ទាប់ពីប្រធានាធិបតីអាមេរិក ត្រូវបានគេរាយការណ៍ថា បានអនុញ្ញាតឱ្យផ្ទេរគ្រាប់បែកទម្ងន់ ២,០០០ផោន ឬ ជាង ៩០០គីឡក្រាម។

គួរដឹងថា អតីតរដ្ឋបាលសហរដ្ឋអាមេរិក របស់អតីតប្រធានាធិបតី Joe Biden បានបញ្ឈប់ការផ្តល់គ្រាប់បែកធុនធ្ងន់ទាំងនេះ កាលពីឆ្នាំមុន ពោលគឺនៅពេលអ៊ីស្រាអែលបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបើកប្រតិបត្តិការជើងគោកដ៏ធំមួយ ក្នុងតំបន់ដែលមានប្រជាជនច្រើន នៅតំបន់ហ្គាហ្សា ជាទង្វើដែលទីក្រុងវ៉ាស៊ីនតោន ពេលនោះ បានជំទាស់។ រដ្ឋបាលរបស់លោក Biden ព្រមានថា ការប្រើប្រាស់អាវុធធុនធំ បែបនេះ នៅក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន នឹងបង្កឱ្យមាន «សោកនាដកម្ម និងការខូចខាតដ៏ធំ របស់មនុស្ស»។

យ៉ាងណាមិញ លោក Netanyahu បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ ជាវីដេអូថា «សូមអរគុណ លោកប្រធានាធិបតី Trump សម្រាប់ការរក្សាការសន្យារបស់អ្នក ក្នុងការផ្តល់ឱ្យអ៊ីស្រាអែល នូវឧបករណ៍ ដែលជាតម្រូវការដើម្បីការពារខ្លួន ដើម្បីប្រឈមមុខនឹងសត្រូវរួមរបស់យើង និងដើម្បីទទួលបានអនាគតនៃសន្តិភាព និងវិបុលភាព» ។

កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា «របស់ជាច្រើន» កំពុងត្រូវបានបញ្ជូន ទៅកាន់ប្រទេសអ៊ីស្រាអែល បន្ទាប់ពីមានរបាយការណ៍ថា លោកបានអនុញ្ញាតឲ្យដឹកជញ្ជូនគ្រាប់បែក ទម្ងន់ ២,០០០ផោន ទៅឲ្យអ៊ីស្រាអែល។ យ៉ាងណាមិញ មិនទាន់មានការបញ្ជាក់ច្បាស់ ពីលោក Trump ពីរឿងនេះ នៅឡើយទេ។

កាលពីសប្តាហ៍មុន បទឈប់បាញ់មួយ បានចាប់ផ្តើម នៅក្នុងសង្រ្គាម Gaza រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលមានបំណងបញ្ចប់ការប្រយុទ្ធគ្នា ជាអចិន្ត្រៃយ៍ ដែលបានចាប់ផ្តើម ជាមួយនឹងការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ របស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន មកលើអ៊ីស្រាអែល៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner