បិទបញ្ចប់ការស្តារពង្រីកផ្លូវកៅស៊ូប្រវែង៥គីឡូម៉ែត្រ លើកំណាត់ផ្លូវខេត្ត​ទៅកាន់ប្រាសាទបាណន់

បាត់ដំបង៖ក្រុមការងារ​វិស្វកម្ម​​នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត​បាត់ដំបង បានបិទបញ្ចប់ការ​កែលម្អស្តារពង្រីក​តួផ្លូវបន្ថែមកំណាត់ផ្លូវ​ខេត្តលេខ១៥៧១ជំហានទី១ ប្រវែង៥គីឡូម៉ែត្រ ក្នុងខែមករាឆ្នាំ២០២៥នេះ។

កំណាត់ផ្លូវខេត្តលេខ១៥៧១ ពីចំណុចភ្លើងស្តុបផ្លូវវាងក្រុងឆ្ពោះទៅកាន់តំបន់​ទេសចរណ៍​មានសក្តានុ​ពលនា​នា និង​ប្រាសាទបាណន់ ខេត្តបាត់ដំបង​មានប្រវែងជិត២០គីឡូម៉ែត្រ ។កាលពីខែកញ្ញា ឆ្នាំ២០២៤កន្លងទៅក្រុមការងារ​​វិស្វកម្ម​​​នៃ​មន្ទីរសាធារណការ​និងដឹកជញ្ជូន​ខេត្ត​បាត់ដំបង បានអនុវត្តគម្រោង​កែលម្អស្តារពង្រីកលើតួផ្លូវបន្ថែមទំហំ១០ម៉ែត្រ ដោយ​ចាក់​ក្រាលកៅស៊ូពីរជាន់​(DBST)ប្រវែងជិត៥គីឡូម៉ែត្រ មានគូសគំនូសខ័ណ្ឌចែកទ្រូងផ្លូវ២គន្លងទៅ-មក​និងគន្លង​ផ្លូវ​យានជំនិះម៉ូតូនៅសងខាង​ផ្លូវ ។ក្រោយគូសគំនូសនៅ​លើទ្រូង​ផ្លូវរួចរាល់ និងត្រូវបិទបញ្ចប់ការសាងសង់​ជំហានទី១របស់ខ្លួន ក្នុងខែមករា ឆ្នាំ២០២៥នេះ។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានឱ្យដឹងថា ការងារសាងសង់កែលម្អស្តារ​និងពង្រីកផ្លូវ​ដ៏​មានសារៈសំខាន់នេះ បានផ្តល់នូវអត្ថប្រយោជន៍ច្រើនក្នុងវិស័យទេសចរណ៍ វិស័យដឹកជញ្ជូនសព្វ​សារពើនិង​ជួយ​សម្រួល​ដល់ការ​ធ្វើ​ចរាចរយានជំនិះគ្រប់ប្រភេទ។ការដ្ឋាននេះក៏ជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរផងដែរ។

ក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពនៃការដ្ឋានក្នុងសប្ដាហ៍នេះលោកប្រធានមន្ទីរសាធារការខេត្តបាត់ដំបង​ក៏បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ដង​ផ្លូវមួយនេះសូមបើកបរគោរពច្បាប់ចរាចរណ៍ និងបើកបរដោយការ​ប្រុងប្រយ័ត្ន។

ក្រោយពីបិទបញ្ចប់ជំហានទី១នេះលោក ព្រួញ រិទ្ធថា បញ្ជាក់ថា មន្ទីរនឹងចាប់​ផ្តើមការដ្ឋានកែលម្អស្តារពង្រីកតួផ្លូវ​ជំហាន​ទី២បន្តនៅដើមខែកុម្ភៈខាងមុខ លើកំណាត់ដដែលប្រវែង៥គីឡូម៉ែត្របន្ថែមទៀត៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner