ពិធីប្រគល់-ទទួលគ្រឿងចក្រ និងរថយន្តដឹកសំរាមជូនដល់ទីលានទុកដាក់សំរាមក្រុងកំពង់ចាម
កំពង់ចាម៖លោក គន់ សុភា អភិបាលរងខេត្តកំពង់ចាម តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី២៧ ខែមករា បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលគ្រឿងចក្រពីរគ្រឿង និងរថយន្តដឹកសំរាមមួយគ្រឿង ពីគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ ក្រោមកម្ចីឥណទានសម្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ីតាមរយៈ ក្រសួងសាធារណការ និងដឹកជញ្ជូន។

តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន លោក នុប រ៉ូបឺត ប្រធានគ្រប់គ្រងគម្រោងប្រតិបត្តិការថែទាំនៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ បានឱ្យដឹងថា គ្រឿងចក្រនិងរថយន្តទាំងបីគ្រឿងនេះ ស្ថិតក្នុងរង្វង់ប្រតិបត្តិការក្រុមហ៊ុនBM ដែលជាក្រុមហ៊ុនសាងសង់ទីលានទុកដាក់សំរាមក្រុងកំពង់ចាម ក្នុងរយៈពេលពេញ១ឆ្នាំ។

សូមជម្រាបថា ទីលានទុកដាក់សំរាមក្រុងកំពង់ចាម ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។ ទីលានទុកដាក់សំរាមក្រុងកំពង់ចាមស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ ក្រោមកម្ចីឥណទានសម្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី ត្រូវបានសាងសង់រយៈពេល១៧ខែ ដោយគិតចាប់ពី ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ។ទីលានទុកដាក់សំរាមត្រូវបានសាងសង់លើផ្ទៃដីទំហំ ១៨,៦៨ហិកតា ស្ថិតនៅក្នុងភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀមដែលមានចម្ងាយប្រហែល២៥គីឡូម៉ែត្រ ពីក្រុងកំពង់ចាម៕
ដោយ៖លី ពៅ


