ស្ពានភ្ជាប់និស្ស័យ អ្នកស្រុកលំផាត់ និងស្រុកកូនមុំ
រតនគិរី៖អ្នកធ្វើដំណើរតាមមធ្យោបាយនានាបានបង្ហាញនូវទឹកញញឹមញញែម ខណៈកំពុងឆ្លងស្ពានដែកបាឡេដែលទើប
នឹងសាងសង់ហើយថ្មីៗ។អ្នកត្រេកអរ និងទទួលផលមុនគេពីសមិទ្ធផលថ្មីសន្លាងនេះគឺប្រជាពលរដ្ឋរស់នៅស្រុកលំផាត់ និងស្រុកកូនមុំ ខេត្តរតនគិរី ។កន្លងទៅពួកគេទោះបីស្រុកមានទឹកដីជាប់គ្នា តែត្រូវបានខ័ណ្ឌចែកដោយអូរធំបង្គួរមួយ។

ស្ពានដែកបាឡេដែលសាងសង់ឆ្លងកាត់អូរមួយកន្លែងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ប្រធាននាយកដ្ឋានផ្លូវជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ លោក គង់ ភឿន និងឧត្តមសេនីយ៍ទោ សោម សុដេត កងវិស្វកម្ម ក្រសួងការពារជាតិ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យបញ្ចប់ការដ្ឋានសាងសង់ស្ពានដែកបាឡេ របស់កងវិស្វកម្មក្រសួងការពារជាតិ នៅចំណុចអូរទទឹង ស្ថិតក្នុងភូមិសាស្រ្ត ភូមិសាមខា ឃុំជ័យឧត្តម ស្រុកលំផាត់ និងភូមិនាងដី ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី លោក អៀម អឿន បានឱ្យដឹងថា ក្រៅពីការងារសាងសង់ស្ពានដែកបាឡេនេះ ក្រុមការងារកងវិស្វកម្មបានធ្វើការជួសជុលផ្លូវមួយខ្សែថែមទៀត ដែលមានប្រវែងជាង ៦គីឡូម៉ែត្រ និងទទឹង ៥ម៉ែត្រ។ ជាលទ្ធផលទាំងស្ពាន និងផ្លូវ សម្រេចរួចរាល់ ១០០ភាគរយ។
ស្ពានដែលបាឡេនេះមានប្រវែង ២៧ម៉ែត្រ និងទទឹង ៤.០២ម៉ែត្រ ដោយចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ។
សូមជម្រាបថា នៅក្នុងឱកាសអញ្ជើញសម្ពោធទំនប់អូរតេធិបតី នៅខេត្តមណ្ឌលគរី កាលពីថ្ងៃទី២៤ ខែតុលា ឆ្នា ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចឱ្យកងវិស្វកម្ម និងក្រសួងអភិវឌ្ឍន៍ ចុះសិក្សាសាងសង់ស្ពានដែកបាឡេ ជូនប្រជាពលរដ្ឋស្រុកលំផាត់ និងស្រុកកូនមុំ ទុកជាចំណងដៃថ្មីនៅក្នុងឆ្នាំថ្មី២០២៥ ។
បន្ទាប់ពីសាងសង់រួច ពេលនេះស្ពានអាចឆ្លងកាត់បានជាបណ្តោះអាសន្នដោយអាចទ្រទម្ងន់បានត្រឹមតែ១៥តោន។ អាជ្ញាធរដែនដីបានណែនាំដល់ប្រជាពលរដ្ឋក៏ដូចអ្នកប្រើប្រាស់ស្ពានកុំដឹកលើសទម្ងន់ ដែលបណ្ដាលឱ្យខូចខាតដល់ស្ពាន។

ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់បានអបអរសាទរចំពោះសមិទ្ធផលដ៏ថ្មីសន្លាងពីប្រមុខរាជរដ្ឋាភិបាល ។វត្តមានស្ពាននឹង
ជួយសម្រួលដល់ការធ្វើដំណើរបានឆាប់រហ័ស និងបញ្ចៀសបានពីគ្រោះជាយថាហេតុ នៅខែវស្សា ។
មន្រ្តីក្រុមការងារបានឱ្យដឹងថា នៅពេលខាងមុខ រាជរដ្ឋាភិបាលមានគម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូ ចាប់ពីស្ពានស្រែពក ផ្លូវជាតិលេខ៧៦ ក្នុងស្រុកលំផាត់ ឆ្ពោះមកផ្លូវជាតិលេខ៧៨ ក្នុងស្រុកកូនមុំ ហើយនឹងធ្វើស្ពានបេតុងមួយខ្សែទៀត ដែលឆ្លងកាត់ដងអូរទទឹងនេះ ផងដែរ៕
ដោយ៖ឡុង សំបូរ
