ចិនហាមនាំចូលទឹកសេរ៉ូថៃ ព្រោះអត់អនាម័យ
បរទេស ៖ ដោយសារតែបញ្ហាខ្វះអនាម័យ ប្រទេសចិនបានហាមឃាត់ ការនាំចូលទឹកសេរ៉ូ ពីប្រទេសថៃ នាំឲ្យប្រទេសមួយនេះ ប្រឈមនឹងការខាតបង់ ២៩លានដុល្លារអាមេរិក នេះបើតាមការចុះផ្សាយ របស់កាសែត Bangkok Post។
ប្រទេសចិនបានផ្អាកការនាំចូលទឹកស៊ីរ៉ូ និងម្សៅចម្រុះ ពីប្រទេសថៃ ដែលជាប្រទេសនាំចេញស្ករធំជាងគេ ទីពីរ របស់ពិភពលោក កាលពីខែធ្នូ ដោយសារការព្រួយបារម្ភ អំពីអនាម័យ របស់រោងចក្រ។ មន្ត្រីថៃបាននិយាយ កាលពីសប្តាហ៍មុនថា អាជ្ញាធរចិនបានស្នើឱ្យប្រទេសថៃ ពិនិត្យមើលរោងចក្ររាប់សិបកន្លែង ទើបអាចបើកការចរចា លុបចោលការហាមឃាត់នេះបាន។
ប្រភពថា បច្ចុប្បន្ននេះ ក្រុមពាណិជ្ជកម្មចែកចាយទឹកសេរ៉ូថៃ កំពុងស្នើសុំដោយទទូច ដល់រដ្ឋាភិបាលថៃ ឲ្យពន្លឿនការចរចា ព្រោះការហាមប្រាមនេះ អាចប៉ះពាល់ដល់អាជីវកម្ម រហូតដល់១ពាន់លានបាត ឬ ២៩.៥ លានដុល្លារអាមេរិក ពីទឹកសេរ៉ូស្កនិងម្សៅចម្រុះ ហើយការដឹកជញ្ជូនទំនិញទាំងនេះ បានជាប់គាំង នៅក្នុងកំពង់ផែចិន។
លោក Todsaporn Ruangpattananont ប្រធានសមាគមផលិតផលស្ករថៃ បានប្រាប់រ៉យទ័រថា លោកបានសរសេរលិខិតមួយ ទៅកាន់រដ្ឋាភិបាលថៃ ដើម្បីពន្លឿនការចរចា ជាមួយអាជ្ញាធរចិន។ សមាគមរបស់លោកតំណាងឱ្យរោងម៉ាស៊ីនស្ករចំនួន៤៤ ដែលផ្គត់ផ្គង់ជាចម្បងដល់ប្រទេសចិន។
ក៏ប៉ុន្តែ លោក Todsaporn ក៏ជឿលើហេតុផលមួយទៀត ជុំវិញការហាមឃាត់នេះ នោះគឺដោយសារអាជ្ញាធរចិន កំពុងស្វែងរកការការពារអ្នកផលិតស្ករស ក្នុងស្រុក ព្រោះតែការកើនឡើង នៃការនាំចូលពីប្រទេសថៃ។
យោងតាមក្រុមហ៊ុនសេវាកម្មខ្សែសង្វាក់ផ្គត់ផ្គង់ Czarnikow បានឱ្យដឹងថា ប្រទេសថៃគឺជាអ្នកផ្គត់ផ្គង់ទឹកសេរ៉ូ ឬស្ករវាវដ៏សំខាន់ របស់ប្រទេសចិន ដោយកាលពីឆ្នាំមុន នាំចេញទៅចិនជាង ១.២លានតោន នេះបើតាម កាសែត Bangkok Post ដដែល៕
ប្រភពពី Bangkok Post ប្រែសម្រួល៖ សារ៉ាត