សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រុមហ៊ុន ភីភីអេហ្វ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក រួមគ្នា អភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យកាន់តែរីកចម្រើន

(ភ្នំពេញ)៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រុមហ៊ុន ភីភីអេហ្វ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានរៀបចំពិពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជាឱ្យកាន់តែរីកចម្រើន។

លោកស្រី ហ៊ុក ស្រីហួរ អគ្គនាយិកាក្រុមហ៊ុន ភី ភី អេហ្វ យូមី មនូហ្វេកឆឺរីង ឯ.ក បានថ្លែងថា ការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការនេះ គឺជាជំហានថ្មីមួយទៀតដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការរវាងវិស័យសាធារណៈ និងវិស័យឯកជន ដែលបង្ហាញឱ្យឃើញពីការប្ដេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការបង្កើត ភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មរបស់ប្រទេសជាតិឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយបរិយាប័ន្ន។

លោកស្រីបន្ថែមថា  «កិច្ចសហប្រតិបត្តិការនេះនឹងបើកទំព័រថ្មីមួយ សម្រាប់ការបង្កើតផលិតផលកសិកម្មដែលមានគុណភាពខ្ពស់ បំពេញតាមតម្រូវការទីផ្សារក្នុងស្រុក និងអន្តរជាតិ ក៏ដូចជា ចូលរួមចំណែកក្នុងការ បង្កើនតម្លៃបន្ថែម ដល់ផលិតផលកសិកម្មរបស់យើង ដើម្បីឱ្យស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន ភីភីអេហ្វ ក្នុងការក្លាយជាឯកអគ្គរាជទូតនៃម្ហូបប្រពៃណីដើមរបស់ខ្មែរ ដោយនាំយកនូវរសជាតិកម្ពុជាទៅកាន់ តុអាហារទូទាំងពិភពលោក រួមជាមួយនឹងគុណភាព ស្តង់ដារ និងជួយឲ្យជីវិតកាន់តែងាយស្រួល»។ 

លោកស្រីបន្ថែមថា ការស្រាវជ្រាវរួមគ្នានេះ នឹងផ្តល់ឱកាសដ៏មានតម្លៃដល់និស្សិតបានប្រើប្រាស់ចំណេះដឹងទ្រឹស្តី បង្កើតនូវផលិតផលថ្មីៗ ដែលមានសក្តានុពលក្នុងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ និងអនុវត្តជាក់ស្ដែងនៅក្នុងបរិបទការងារពិតប្រាកដ និង បង្កើនការយល់ដឹងអំពីបច្ចេកវិទ្យាទំនើបៗ ដែលនឹងជួយពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ពួកគេក្នុងទីផ្សារការងារ។

ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្សាប្រមាញ់ និងនេសាទ គាំទ្រចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាសប្តូរចំនេះដឹងក្នុងវិស័យកសិកម្ម។ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគ យល់គ្នា នេះក្នុងគោលបំណងសហការលើការសិក្សាស្រាវជ្រាវ ផលិតផលថ្មីៗនៅក្នុងវិស័យកសិកម្ម និងគាំទ្រការបញ្ជូន ទទួលនិស្សិតទៅធ្វើកម្មសិក្សាស្រាវជ្រាវ ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមរបស់និស្សិត ក៏ជាការផ្តល់ឱកាសអោយនិស្សិត លើការប្រើប្រាសចំនេះដឹង និងជំនាញ របស់ខ្លួន។

ក្រុមហ៊ុន ភីភីអេហ្វ យ៉ាំមី បានធ្វើការប្តេជ្ញាចិត្តនឹងសហការយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីធ្វើឱ្យ កិច្ចសហប្រតិបត្តិការនេះសម្រេចបានលទ្ធផលជោគជ័យ និងមានប្រសិទ្ធភាព ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យ កសិកម្មរបស់កម្ពុជាឱ្យកាន់តែរីកចម្រើនឈានឡើងស្របចក្ខុវិស័យរបស់រាជរដ្ឋាភិបាលបានដាក់ចេញ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner