ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់មន្ទីរសុខាភិបាល រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះ បញ្ហាសុខភាព ប្រជាជន
(ភ្នំពេញ)៖ មន្ត្រីមន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវដាក់ផែនការស្រាវជ្រាវ និងយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាជន ដែលមានបញ្ហាសុខភាព ជាពិសេសប្រជាពលរដ្ឋ ដែលមិនមានលទ្ធភាព និងពិបាកក្នុងការស្វែងរកសេវាពិគ្រោះព្យាបាលជំងឺ ។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំបែបនេះ ក្នុងពិធីបើកសិក្ខាសាលា ស្តីពីការពិនិត្យលទ្ធផលនៃការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋមឆ្នាំ២០២៤ និងផែនការសកម្មភាព ឆ្នាំ២០២៥ នាព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ។
ដើម្បីអនុវត្តការងារថែទាំសុខភាពបឋម ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ចំនួន ៥ចំណុច ដូចជា ១) សេវាសារវន្ត បដិសណ្ឋាកិច្ច និងអនាម័យ ២) សហគមន៍ ផ្តោតសំខាន់នៅតាមមូលដ្ឋានសុខាភិបាលគ្រប់កម្រិត ៣) អាចទទួលប្រើ និងត្រូវពង្រឹងគុណភាពមូលដ្ឋានសាធារណៈ និងឯកជន ៤) ផ្តោតសំខាន់ទៅលើការពារសុខភាព តាមរយៈការអប់រំសុខភាព ដើម្បីកាត់បន្ថយការព្យាបាល ៥)កិច្ចសហការ គ្រប់ស្ថាប័នគ្រប់ផ្នែក ទាំងអប់រំ និងកសិកម្ម បរិស្ថានជាដើម។
ឯកឧត្ត ឈាង រ៉ា បន្តថា សិក្ខាសាលារៀបចំឡើងនាពេលនេះ ក្នុងគោលបំណងពិនិត្យ និងវាយតម្លៃប្រតិបត្តិការ ដើម្បីជំរុញបង្កើនការថែទាំសុខភាពបឋម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ឈានទៅសម្រេចបាននូវផែនទីបង្ហាញផ្លូវឆ្ពោះ ទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ ពោលគឺ មិនទុកឱ្យប្រជាជនណាម្នាក់ មិនបានទទួលការថែទាំសុខភាពនោះឡើយ។
ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ជូនអង្គសិក្ខាសាលា និងស្នើអង្គការដៃគូ ស្ថាប័នពាក់ព័ន្ធ សូមជួយយកចិត្តទុកដាក់ក្នុងការបន្តការពង្រីង និងពង្រឹកបន្ថែមទៀតនូវកិច្ចការជំរុញការថែទាំសុខភាពបឋម ។ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមអនុវត្ត ដោយផ្តោតលើគោលការណ៍សំខាន់ៗ ៥ គឺ គុណភាព ប្រសិទ្ធភាព សមធម៌ គណនេយ្យភាព និងនិរន្តរភាព ដែលជាក្របខណ្ឌយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ៕
ដោយ ហេង សម្បត្តិ+ថេត វិចិត្រ





