ឥណ្ឌាគ្រោងសង់ព្រលានយន្តហោះ ៥០ កន្លែងបន្ថែមទៀត សម្រាប់អ្នកទេសចរ
ញូដែលី ៖ រដ្ឋមន្ត្រីអាកាសចរណ៍ឥណ្ឌា លោក Ram Mohan Naidu បានប្រកាសពីផែនការប្រកបដោយមហិច្ឆិតាមួយ នៅក្នុងការសាងសង់ព្រលានយន្តហោះថ្មីបន្ថែមចំនួន ៥០ទីតាំង ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ជាមួយនឹងចក្ខុវិស័យជាយុទ្ធសាស្រ្ត កែប្រែទីក្រុងDelhi ក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍អន្តរជាតិដ៏សំខាន់មួយ។
លោករដ្ឋមន្ត្រីបន្ថែមថា យុទ្ធសាស្ត្ររបស់រដ្ឋាភិបាល រួមមានការបង្កើនហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន ការពង្រីកសមត្ថភាពនាវាដឹកអ្នកដំណើរ និងការដោះស្រាយតម្រូវការការធ្វើដំណើរតាមផ្លូវអាកាស ដែលកំពុងកើនឡើង ទាំងក្នុង និងក្រៅប្រទេស។
លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ឥណ្ឌា ក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍ដ៏រឹងមាំ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ និងមេដឹកនាំពិភពលោក។ យោងតាមរបាយការណ៍បានបង្ហាញថា មានព្រលានយន្តហោះជិត ១៤០ទីតាំង ដែលកំពុងដំណើរការនៅក្នុងប្រទេសឥណ្ឌា គិតត្រឹមឆ្នាំ ២០២៤។
ទន្ទឹមគ្នា រដ្ឋាភិបាលឥណ្ឌាមានគោលបំណងសម្រេចឱ្យបាន ១ភាគរយនៃការរួមបញ្ចូលឥន្ធនៈកកើតឡើងវិញ (SAF) នៅក្នុងជើងហោះហើរអន្តរជាតិនៅឆ្នាំ ២០២៧ ហើយបន្តកើនឡើងដល់ ៥ភាគរយនៅឆ្នាំ ២០៣០ ជាមួយនឹងផែនការផលិតឥន្ធនៈអាកាសចរណ៍ប្រកបដោយនិរន្តរភាពចំនួន ៥លានតោន។ រដ្ឋាភិបាលឥណ្ឌារំពឹងថា នឹងបង្កើនចំនួនព្រលានយន្តហោះបច្ចុប្បន្នទ្វេដងដល់ ៣០០ទីតាំងនៅឆ្នាំ ២០៤៧៕
ប្រភព ៖ Aviation A2Z ប្រែសម្រួល ៖ ឈឹម ទីណា
