នារីអូតែសចិនសុខចិត្តឈប់ធ្វើការ ស្រវារបរចិញ្ចឹមជ្រូក ២ ខែរកបាន ២៨,០០០ ដុល្លារ

ប៉េកាំង ៖ នារីបម្រើការលើយន្តហោះ ឬនារីអូតេសម្នាក់ជនជាតិចិន បានសម្រេចចិត្តបោះបង់ចោលការងារ ទៅស្រវ៉ាមុខរបរចិញ្ចឹមជ្រូកនៅស្រុកកំណើត ហើយចាយពេលត្រឹម ២ខែប៉ុណ្ណោះ នាងអាចរកចំណូលបានដល់ទៅ ២៨,០០០ដុល្លារ។

នារីអូតេសរូបនេះមានឈ្មោះថា Yang Yanxi អាយុ ២៧ឆ្នាំ កើតក្នុងគ្រួសារជនបទនៃខេត្ត Heilongjiang ភាគឦសានប្រទេសចិន។ ក្រោយបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ នាងបានធ្វើការជាអ្នកបម្រើការលើយន្តហោះអស់រយៈពេល ៥ឆ្នាំ ជាមួយក្រុមហ៊ុនអាកាសចរណ៍សៀងហៃ។

បន្ទាប់ពីលាឈប់ពីការងារអូតេស នាង Yang បានកាន់កាប់កសិដ្ឋានចិញ្ចឹមជ្រូករបស់សាច់ញាតិនៅខែមេសា ឆ្នាំ ២០២៣ ហើយចាប់ផ្តើមចិញ្ចឹមសត្វ។ នាងបានចែករំលែកជីវិតកសិកម្មនៅតាមជនបទ នៅលើវេទិកាវីដេអូខ្លីដ៏ពេញនិយមមួយ ដែលទាក់ទាញអ្នកតាមដានជិត ១.២លាននាក់។

នៅក្នុងវីដេអូនោះ នាងជំនាញរៀបចំអាហារជ្រូក, ផ្តល់ចំណីដល់ជ្រូក និងសម្អាតទ្រុងជ្រូក ហើយថែមទាំងស្លៀកពាក់ស្អាតៗ ដើម្បីទាក់ទងជាមួយជ្រូកដែលកំពុងដេក។ ទោះបីជាមានការលំបាកក្នុងជីវិតជនបទក៏ដោយ ក៏នាងនៅតែប្ដេជ្ញាចិត្តតស៊ូជម្នះឲ្យដល់ទីបំផុតដែរ។

មិនយូរមិនឆាប់ នាង Yang អាចរកចំណូលបានដល់ទៅ ២៨,០០០ដុល្លារ ក្នុងរយៈពេលពីរខែកន្លងមកនេះ តាមរយៈការចិញ្ចឹមជ្រូក, លក់ជ្រូក និងបសុសត្វផ្សេងៗទៀត ព្រមទាំងគ្រប់គ្រងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាង។ ហើយនាងសង្ឃឹមថា នឹងពង្រីកកសិដ្ឋានចិញ្ចឹមនាពេលអនាគត ព្រមទាំងបើកហាងឯកទេស និងបើកដំណើរការសណ្ឋាគារ។

រឿងរ៉ាវជីវិតពិតរបស់អតីតនារីអូតេសរូបនេះ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមក្នុងប្រទសចិនដីគោក ដោយអ្នកលេងអ៊ីនធឺណិតជាច្រើន បានបង្ហាញការគោរពស្រលាញ់ និងការកោតសរសើរការតាំងចិត្តរបស់នាង។ ការសម្រេចចិត្តជ្រើសអាជីពអ្វីមួយ ឲ្យតែយើងតាំងចិត្ត និងហ៊ានជំម្នះឧបសគ្គ វានោះនឹងជោគជ័យជាក់ជាមិនខានឡើយ៕

ប្រភព ៖ SCMP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner