ឯកឧត្តម ហេង សួរ ៖ សាធារណជនមានបំណងស្វែងរកការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត» ដែលមានឱកាសខ្ពស់ទទួលបានការងារ និងត្រឹមត្រូវតាមច្បាប់
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់សាធារណជនដែលមានបំណងស្វែងរកការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត» ដែលមានឱកាសខ្ពស់ទទួលបានការងារ និងត្រឹមត្រូវតាមច្បាប់ ។
បើតាមការថ្លែងរបស់ឯកឧត្តម ហេង សួរ ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ចំនួន ១០០បញ្ជរ និងប្រគល់ជូនដល់សាកលវិទ្យាល័យ វិទ្យាស្ថាន គ្រឹះស្ថានបណ្តុះបណ្តាល ផ្សារទំនើប ហាងកាហ្វេ និងក្រុមហ៊ុនឯកជន កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កន្លងទៅតែងតែមានការលើកឡើងថា ប្រជាពលរដ្ឋមួយចំនួនដែលធ្វើចំណាកស្រុក ចេញទៅធ្វើការនៅក្រៅប្រទេស តែងជួបប្រទះការប្រថុយប្រថាន ហើយទទួលព័ត៌មានដែលមិនមានប្រភពមូលដ្ឋានច្បាស់លាស់ ពិសេសក្រុមហ៊ុនដែលមិនមានការចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ការងារជាដើម។
ដោយមើលឃើញពីបញ្ហាកង្វល់ទាំងអស់នេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា តាមរយៈបញ្ជរសេវាសាធារណៈចល័ត គឺជាពិភពការងារ និងការបណ្ដុះបណ្ដាល ព្រមទាំងសេវាសាធារណៈផ្សេងៗរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលស្ថិតនៅក្នុងដៃរបស់សាធារណជនទាំងអស់ ដោយមិនចាំបាច់ព្រួយបារម្ភពីការចាញ់បោកក្រុមមេខ្យល់ ឬក្រុមហ៊ុនខុសច្បាប់ទៀតទេ ព្រោះថាគ្រប់បណ្ដាក្រុមហ៊ុននិងប្រទេសដែលមានវត្តមាន នៅក្នុងបញ្ជរសេវាសាធារណៈចល័តនេះ គឺសុទ្ធតែការមានការអនុញ្ញាតនិងចុះកិច្ចព្រមព្រៀងច្បាស់លាស់ត្រឹមត្រូវ ស្របតាមច្បាប់កម្ពុជានិងឆ្លងកាត់ការត្រួតពិនិត្យតាមច្បាប់កំណត់របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញលើកទឹកចិត្តដល់សាធារណជន ជាពិសេសយុវជន ដែលមានបំណងស្វែងរកការងារធ្វើទាំងក្នុងនិងក្រៅប្រទេសអាចប្រើប្រាស់សេវានេះឲ្យបានទូលំទូលាយតាមរយៈបញ្ជរសេវាសាធារណៈចល័ត នៅតាមផ្សារទំនើប ហាងកាហ្វេ ឬតាមរយៈ QR Code ពោលគឺសាធារណជនគ្រប់គ្នានឹងទទួលបាននូវការផ្តល់សេវាកម្ម និងព័ត៌មានសំខាន់ៗផ្លូវការ អាចទុកចិត្តបាន និងទាន់ពេលវេលា ដើម្បីបានដឹង បានយល់ បានជ្រាប បានត្រៀមខ្លួន និងចាប់យកឱកាសភ្លាមៗពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
សូមបញ្ជាក់ថា បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានមុខងារសំខាន់ចំនួន ១០ ដែលមានដូចជា ៖
១- សេវាចុះឈ្មោះស្វែងរកការងារ (Job Seeker)
២- សេវាចុះឈ្មោះស្វែងរកបុគ្គលិក (Job Provider)
៣- សេវាចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ (Skill & TVET Enrollment)
៤- សេវាចុះឈ្មោះស្វែងរកការងារក្រៅប្រទេស (Overseas Job Seeker)
៥- ប្រអប់បណ្តឹងអនាមិក (Anonymous Complaint Box)
៦- សេវាចុះឈ្មោះសមាជិក ប.ស.ស. (Social Security Registration)
៧- បណ្ណ/សៀវភៅការងារកម្មករនិយោជិតខ្មែរ (Cambodian Employment Book and Worker Card)
៨- ការផ្តល់ទិដ្ឋាការប្រើប្រាស់កម្មករនិយោជិតវ័យក្មេង (Work Permit For Young Worker)
៩- សេវាតាមដានសេវាសាធារណៈក្រសួងការងារ (MLVT Public Service Tracking)
១០. សេវាផ្សេងៗ (Other Services) រួមមាន សេវាពេទ្យការងារ សេវាចុះបញ្ជិកាគ្រឹះស្ថាន បណ្តុះបណ្តាល សេវាហត្ថពលកម្មបរទេស ស្វ័យប្រកាសអធិការកិច្ចការងារ ប្រអប់សំណូមពរ និងកម្រងសេវាស្វ័យប្រវត្តិកម្មពាក់ព័ន្ធវិស័យការងារ ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា






