ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ គណៈស្ថាបត្យករកម្ពុជា ជាដៃគូដ៏ធំមួយ និងមុតស្រួច ក្នុងការប្រែក្លាយផ្នែកស្ថាបត្យកម្មឱ្យវិវឌ្ឍន៍ឈានឡើង ក្នុងសហសម័យកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកគណៈស្ថាបត្យករកម្ពុជា ជាដៃគូដ៏ធំមួយរបស់ក្រសួង និងជាឧបករណ៍ដ៏មុតស្រួច ក្នុងការប្រែក្លាយការវិវត្តន៍ផ្នែកស្ថាបត្យកម្មនៅកម្ពុជា ឱ្យឈានឡើងមួយកម្រិតទៀត ក្នុងសហសម័យកម្ពុជា ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគណៈស្ថាបត្យករកម្ពុជា នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ គឺធ្វើឡើងដើម្បីពិភាក្សាផ្លាស់ប្តូរមតិយោបល់ អំពីគុណភាពនៃវិជ្ជាជីវៈស្ថាបត្យករកម្ពុជា ថាតើយើងត្រូវរៀបចំដោយរបៀបណាទៅលើគុណភាព សមត្ថភាព ក្រមសីលធម៌ វិជ្ជាជីវៈ ចរិយារបស់ស្ថាបត្យករកម្ពុជា និងនៅក្នុងករណីដែលស្ថាបត្យករមានកំហុសក្នុងបទបញ្ញត្តិ និងបទដ្ឋានជាធរមាន ថាតើយើងត្រូវមានវិធានការលុបអាជ្ញាបណ្ណរបស់ស្ថាបត្យករនោះឬយ៉ាងណា ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ដល់ពេលវេលាហើយដែលយើងត្រូវរួមគ្នារៀបចំប្រទេសជាតិអោយបានល្អប្រសើរ ស្របតាមប្រសាសន៍ដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែចង្អុលបង្ហាញ ក្នុងគោលដៅកសាងភូមិឋានក្សេមក្សាន្ត មានទ្រនំសុភមង្គលសម្រាប់ប្រជាពលរដ្ឋ នោះសន្តិភាពនឹងនៅជាមួយយើងទាំងអស់គ្នាជារៀងរហូត ៕
ដោយ / គ្រី សម្បត្តិ






