អភិបាលខេត្តបន្ទាយមានជ័យ កត់សម្គាល់ការចូលរួមរបស់សមាគមខ្មែរ ចិន

បន្ទាយមានជ័យ៖ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបាន បានកត់សម្គាល់នូវការចូលរួម​សមាគមខ្មែរ​ចិន​ខេត្ត និងសភាពាណិជ្ជ​កម្មខេត្តបន្ទាយមានជ័យ ក្នុងសកម្មភាពមនុស្សធម៌ ការងារសង្គម និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា​ក្នុងខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីសែនរបស់បងប្អូនខ្មែរ សែស្រឡាយចិន ប្រារព្ធ​នៅបរិវេណសាលារៀនចិនផីឆឹង ខេត្តបន្ទាយមានជ័យ​ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យថ្លែងទៅកាន់សភាពាណិជ្ជកម្ម និងសមាគមខ្មែរចិន អាជីវករ បងប្អូនខ្មែរ សែស្រឡាយចិនដែលចូលរួមក្នុងពិធីនេះដោយបញ្ជាក់ពី​ការគាំទ្រសកម្មភាព​សមាគមខ្មែរចិន​ខេត្ត​និងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ។លោកក៏បានកត់សម្គាល់នូវចូលរួមការងារសប្បុរសធម៌ និងកសាងហេដ្ឋា​រចនាសម្ព័ន្ធក្នុងមូលដ្ឋានជាមួយអាជ្ញាធរដែនដី ។

លោក ឆាន់ ប៊ុន ម៉ាន់ ប្រធានសមាគមខ្មែរ ចិន ខេត្តបន្ទាយមានជ័យ បានរំលឹកផងដែរ អំពីទំនាក់ទំនាក់ចំណង​មិត្តភាព​ដ៏ល្អ រវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនតាំងពីជំនាន់សម្ដេចតា ហើយបច្ចុប្បន្ន បានបន្តបង្កើនមិត្តភាព​ចិនតែ​មួយពីសំណាក់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបាននាំឱ្យមានកិច្ចអភិវឌ្ឍទាំងវិស័យការទូត វិស័យសង្គម ពិសេស​វិនិយោគ។ទន្ទឹមនេះបានជួយបណ្ដុះបណ្ដាលធនធានចំណេះដឹងដល់សិស្សានុសិស្ស យុវជនមានជីវភាពខ្វះខាត។ ម៉្យាងសមាគមក៏មានកិច្ចសហការជាមួយសមាគមគមចិនក្រៅប្រទេសមកជួយលើកស្ទួយ ការងារអប់រំ និងការស្វែងយល់ពីវប្បធម៌ទំនៀមទម្លាប់ នាមប្រទេសក្នុងតំបន់ដូចគ្នា។

ឧកញ្ញ៉ា អ៊ឹង វណ្ណម៉ៅ ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ សភាពាណិជ្ជកម្មកន្លងមកក៏ដូចជាពេលនេះ បានរក​ដៃគូវិនិយោគផ្នែកអាជីវកម្មពីខាងក្រៅមានចិនជាដើមឱ្យមកវិនិយោគក្នុងខេត្តបន្ទាយមានជ័យដែលបានផ្ដល់ការងារ និងបន្ថែមប្រាក់ចំណូលដល់ពលរដ្ឋ ហើយក៏បានជួយផ្ដល់ចំណូលថវិកាខេត្តនិងកំណើនសេដ្ឋកិច្ចជាតិផងដែរ។

សូមជម្រាបថា ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ជាថ្ងៃសែនចូលឆ្នាំចិន និងរយៈពេលបីថ្ងៃ ជាថ្ងៃ ចូលឆ្នាំថ្មីប្រពៃណីចិន ពី​ថ្ងៃទី ២៩ ដល់ថ្ងៃទី៣១ ខែមករា៕

ដោយ៖ គៀន ច័ន្ទហ៊ីន្ទ

ads banner