កូឡុំប៊ីយកយន្តហោះដឹកប្រជាជន២០០នាក់ ក្រោយអាមេរិកបណ្តេញ

បរទេស ៖ ប្រជាជនកូឡុំប៊ី ចំនួន២០០នាក់ ត្រូវបានបណ្តេញចេញ ពីសហរដ្ឋអាមេរិក ភ្លាមៗ បន្ទាប់ពីមានចំណាត់ការក្តៅ ពីប្រធានាធិបតីអាមេរិក លោក Donald Trump ជុំវិញការនិរទេសជនចំណាកស្រុក ទ្រង់ទ្រាយធំ។

យន្តហោះយោធាចំនួនពីរគ្រឿង ដែលត្រូវបានបញ្ជូន ពីប្រទេសកូឡុំប៊ី ដើម្បីនាំយកជនជាតិរបស់ខ្លួន ចំនួន២០១នាក់ រួមទាំង កុមារ បានចាកចេញពីរដ្ឋកាលីហ្វ័រញ៉ា និង តិចសាស់ ហើយបានទៅដល់ទីក្រុង បូហ្គោតា Bogota កាលពីថ្ងៃអង្គារ។

ប្រធានាធិបតី នៃប្រទេសកូឡុំប៊ី លោក Gustavo Petro បាននិយាយថា «ពួកគេ គឺជាជនជាតិកូឡុំប៊ី ដែលមានសេរីភាព និង សេចក្តីថ្លៃថ្នូរ ហើយនៅក្នុងប្រទេសកំណើតរបស់ពួកគេ ទទួលបានការស្រឡាញ់»។ លោកបានបន្ថែមថា «ជនចំណាកស្រុក មិនមែនជាឧក្រិដ្ឋជនទេ ប៉ុន្តែ ជាមនុស្សដែលចង់ធ្វើការ និងការរីកចម្រើន ក្នុងការរស់នៅ»។

លោក Carlos Gomez ដែលជាអ្នកនិរទេសម្នាក់ បាននិយាយថា លោកបានចាកចេញ ជាមួយកូនប្រុសអាយុ១៧ឆ្នាំ ទៅកាន់សហរដ្ឋអាមេរិក កាលពី ពីរសប្តាហ៍មុន ដើម្បីស្វែងរក «អនាគតដ៏ល្អប្រសើរ» តែអ្វីៗ ត្រូវបញ្ចប់ ដោយពួកលោកត្រូវបានបញ្ជូនមក កូឡុំប៊ី វិញ។

ផែនការរបស់លោក Trump លើការនិរទេសជនចំណាកស្រុកទ្រង់ទ្រាយធំ បានធ្វើឱ្យលោក ប្រឈមមុខនឹងការប៉ះទង្គិចគ្នា ដ៏ស្រួចស្រាវ ជាមួយរដ្ឋាភិបាល នៅតំបន់អាមេរិកឡាទីន ដែលជាផ្ទះដើមរបស់ជនចំណាកស្រុក មិនមានឯកសារ ហើយ តាមការប៉ាន់ស្មាន មាន ១១លាននាក់។ ចាប់តាំងពីលោក Donald Trump ឡើងកាន់តំណែង មនុស្សរាប់ពាន់នាក់ត្រូវបានបញ្ជូនត្រឡប់ ទៅប្រទេសពួកេវិញ ក្នុងនោះ រួមមានទាំងប្រជាជន ប្រទេស ហ្គាតេម៉ាឡា និង ម៉ិកស៊ិក ផងដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner