សំណាប ស្រូវ និងទឹក គឺជាតួអង្គសំខាន់ដែលមិនអាចខ្វះបានក្នុងទស្សនីយភាព ដែលកម្ពុជានឹងនាំយកទៅបង្ហាញក្នុងក្បួនដង្ហែ ឈីងហ្គេ ២០២៥
(ភ្នំពេញ)៖ កម្ពុជាគឺជាប្រទេសមានសក្តានុពលខ្ពស់ផ្នែកកសិកម្មតាំងពីសម័យបុរាណកាលមក ក្នុងនោះទឹក និងស្រូវ គឺជាចំណុចស្នូលនៃខ្សែសង្វាក់ផលិតកម្មរបស់វិស័យកសិកម្មនៅកម្ពុជា។ ដំណាំស្រូវបានតំណាងឱ្យអត្តសញ្ញាណវប្បធម៌ ស្ថិរភាពសេដ្ឋកិច្ច ទំនាក់ទំនងសង្គមវប្បធម៌ និងការរួមចំណែកដល់សន្តិសុខស្បៀង ព្រមទាំងការអភិវឌ្ឍក្នុងតំបន់ជនបទផងដែរ។
ដោយឡែកនៅក្នុងទស្សនីយភាព«ជីវិត» តួអង្គសំណាប ស្រូវ និងទឹក គឺជាតួរអង្គសំខាន់ដែលមិនអាចខ្វះបានក្នុងដំណើរនៃការលូតលាស់របស់ពូជស្រូវដែលជាប្រភពអាហារចម្បងរបស់កម្ពុជា។
តាមជំនឿខ្មែរត្រូវបានទទួលស្គាល់ថា ស្រូវគឺជាម្តាយ ឬជាអទិទេពដែលបានផ្តល់ជីវិត និងថាមពលសម្រាប់ការរស់រានដល់មនុស្សជាតិទាំងឡាយ។ គ្រាប់ស្រូវ បានប្រែរូបរាងក្លាយទៅជាអង្ករ ដែលមានសណ្ឋានជាគ្រាប់តូចៗ រាងទ្រវែងពណ៌ស ក្រោយឆ្លងកាត់ជាច្រើនដំណាក់កាលក្នុងការសម្រិតសម្រាំង។ ស្រូវ ឬ អង្ករ គឺជាអាហារមូលដ្ឋានរបស់ប្រជាជនខ្មែរដែលត្រូវបានគេស្គាល់ថាមានរសជាតិឆ្ងាញ់ទន់រមួត និងមានក្លិនក្រអូបប្រហើរ ជាពិសេសត្រូវបានប្រើប្រាស់ជាអាហាប្រចាំថ្ងៃជាមួយនឹងមុខម្ហូបផ្សេងៗ សម្រាប់ប្រជាជនក្នុងតំបន់។ លើសពីនេះ នៅក្នុងសង្គមខ្មែរគឺមិនត្រឹមតែជាអាហារគោលប៉ុណ្ណោះទេ ប៉ុន្តែគឺជាគ្រឿងដង្វាយនៅក្នុងកិច្ចពិធីផ្សេងៗនៅក្នុងប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើងតាំងពីសម័យបុរាណមក។
ដោយឡែក សំណាប គឺតំណាងឱ្យការសាបព្រោះ គឺសំដៅដល់ការជួយជ្រោមជ្រែង យិតយោង និងជួយធ្វើឲ្យដី ស្រែមានភាព ល្អប្រសើរឡើងដោយ មាន សន្ទូង លូត លាស់ ល្អ ប្រសិនបើ សំណាប អន់ ទោះ បី ស្រែ មាន ជី ល្អក៏មិនអាចធ្វើ ឱ្យស្រួវមានការលូតលាស់ល្អដែរ។ រីឯខ្សែទឹក គឺតំណាងឱ្យការថែរក្សា និងជាជំនួយសម្រាប់ជីវិតអោយកាន់តែមានភាពស្រស់បំព្រង និងមានភាពត្រជាក់ត្រជុំ ប្រៀបបាននិងស្រូវដែលមានទឹកគ្រប់គ្រាន់ លូតលាស់យ៉ាងល្អគ្រប់ដំណាក់កាល។
សូមជម្រាបថា វត្តមានរបស់កម្ពុជានៅក្នុងឆ្នាំនេះ គឺស្របពេលជាមួយនឹងខួប ៦០ ឆ្នាំនៃការបង្កើតទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ។ ក្នុងន័យនេះ ការសម្ដែងទស្សនីយភាព ក្រោមចំណងជើងថា «ជីវិត» ក៏បានបង្កប់នូវអត្ថន័យដ៏វិសេសវិសាលមួយបន្ថែមទៀត នោះគឺ ការរីកលូតលាស់ និងរីកចម្រើននៃចំណងមិត្តភាព កម្ពុជា-សិង្ហបុរី។ ការចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ២០២៥ នឹងរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង រួមទាំងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា – សិង្ហបុរីឱ្យកាន់តែរីកចម្រើន រឹងមាំ និងយូរអង្វែងថែមទៀត៕
ដោយ ៖ ជាវ ចន្ធូ


