តៃវ៉ាន់ចង់លូកដៃជួយឧស្សាហកម្មបន្ទះឈីប ចំពេលលោក Trump គំរាមដាក់ពន្ធ

តៃប៉ិ ៖ នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក Cho Jung-tai បាននិយាយក្នុងថ្ងៃពុធនេះថា រដ្ឋាភិបាលតៃវ៉ាន់ នឹងពិចារណាលើការផ្តល់ជំនួយជួយដល់ឧស្សាហកម្មផលិតបន្ទះឈីបក្នុងស្រុក ចំពេលមានការគំរាមកំហែងពីប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការបង្កើនពន្ធលើឧបករណ៍អេឡិចត្រូនិក។

លោក Trump បានប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះថា លោកគ្រោងនឹងដាក់ពន្ធថ្មីលើទំនិញនាំចូល មានដូចជា បន្ទះឈីប ឱសថ និងដែកថែបជាដើម។ ពាក់ព័ន្ធនឹងបញ្ហានេះ នាយករដ្ឋមន្រ្តីតៃវ៉ាន់បាននិយាយថា ក្នុងពេលមួយថ្ងៃ ឬពីរថ្ងៃ យើងនឹងពិនិត្យមើលជាបន្ទាន់ ថាតើយើងត្រូវបង្កើតផែនការសហប្រតិបត្តិការបន្ថែមទៀត និងកម្មវិធីផ្តល់ជំនួយនាពេលអនាគតសម្រាប់វិស័យឧស្សាហកម្មដែរឬយ៉ាងណា។

លោក Cho បាននិយាយយ៉ាងដូច្នេះថា ខ្ញុំចង់ធានាដល់ជនរួមជាតិឡើងវិញថា ជំហររបស់តៃវ៉ាន់នៅក្នុងខ្សែសង្វាក់ឧស្សាហកម្មរបស់ពិភពលោក គឺមិនត្រូវព្រងើយកន្តើយឡើយ ហើយយើងនឹងបន្តរក្សានូវអត្ថប្រយោជន៍បែបនេះតទៅមុខទៀត។ លោក Cho បន្ថែមថា តៃវ៉ាន់ត្រូវបន្តខិតខំបន្ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការខាងក្រៅ និងដើម្បីរក្សាភាពជាអ្នកដឹកនាំក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា។

តៃវ៉ាន់គឺជាផ្ទះរបស់ TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់បន្ទះឈីបកម្រិតខ្ពស់ដល់ក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក មានដូចជា Apple និង Nvidia ជាដើម។

អតិរេកពាណិជ្ជកម្មរបស់តៃវ៉ាន់ជាមួយសហរដ្ឋអាមេរិក បានកើនឡើងដល់ ៨៣% កាលពីឆ្នាំ ២០២៤ បើធៀបនឹងឆ្នាំ ២០២៣ ជាមួយនឹងការនាំចេញទៅកាន់សហរដ្ឋអាមេរិកឈានដល់កំណត់ត្រា ១១១.៤ពាន់លានដុល្លារដែលជំរុញដោយតម្រូវការសម្រាប់ផលិតផលបច្ចេកវិទ្យាខ្ពស់ មានដូចជា អាជីវកម្មផលិតផលពាក់កណ្តាលសម្រេច (semiconductor)៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner