អាមេរិកជោគជ័យហោះហើរយន្តហោះដឹកអ្នកដំណើរល្បឿន ១,២០០ គីឡូម៉ែត្រក្នុងមួយម៉ោង
វ៉ាស៊ីនតោន ៖ ព្រឹត្តិការណ៍ដ៏សំខាន់មួយបានកើតឡើងនៅថ្ងៃទី២៨ ខែមករានេះ នៅពេលដែលក្រុមហ៊ុនផលិតយន្តហោះ Boom Supersonic បានបញ្ចប់ការហោះហើរសាកល្បងនូវប្រភេទយន្តហោះមានល្បឿនលឿនជាងសំឡេងជាលើកដំបូង នៅទីក្រុង Mojave រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
ការសាកល្បងហោះហើរចុងក្រោយនេះ យន្តហោះ XB-1 បានហោះចេញពីទីតាំង Mojave Air and Space Port ក្រោមការបញ្ជាពីប្រធានផ្នែកសាកល្បងរបស់ក្រុមហ៊ុន Boom គឺលោក Tristan “Geppetto” Brandenburg។ យន្តហោះ XB-1 បានបង្កើនល្បឿនដល់ Mach 1.122 ឬជាង ១,២០០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយលឿនជាងសំលេងប្រហែល ១០% ហើយត្រឹម ១២នាទីប៉ុណ្ណោះ អាចហោះបានកម្ពស់ប្រហែល ១០,០០០គីឡូម៉ែត្រ។
ការហោះហើរនេះដែរ ត្រូវបានចងក្រងជាឯកសារ អំពីពេលវេលាហោះហើរជាប្រវត្តិសាស្ត្រ សម្រាប់យន្តហោះមានល្បឿនលឿនជាងសំលេងស៊ីវិលដំបូងគេ ដែលបានផលិតឡើងនៅសហរដ្ឋអាមេរិក និងជាយន្តហោះដែលបង្កើតដោយវិស័យឯកជនដំបូងគេបង្អស់របស់ពិភពលោក។
គិតមកទល់ពេលនេះ យន្តហោះ XB-1 របស់ក្រុមហ៊ុន Boom Supersonic បានបញ្ចប់ការហោះហើរសាកល្បងដោយជោគជ័យចំនួន ១២លើកហើយ ចាប់តាំងពីវាបានចាប់ផ្តើមការហោះហើរលើកដំបូងកាលពីខែមីនា ឆ្នាំ ២០២៤ ដែលនេះជាការអភិវឌ្ឍន៍នៃក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មល្បឿនលឿនជាងសំឡេងរបស់ក្រុមហ៊ុន Boom គឺ Overture។
នាយកប្រតិបត្តិក្រុមហ៊ុន Boom Supersonic លោក Blake Scholl បានប្រាប់ទូរទស្សន៍ CNN កាលពីឆ្នាំមុនថា លោករំពឹងថា យន្តហោះល្បឿនលឿនជាងសំលេង នឹងជំនួសយន្តហោះធម្មតានៅក្នុងជីវិតរបស់យើង។
សម្រាប់ផែនការរបស់ Boom គឺថា Overture នឹងដំណើរការមុនដំណាច់ទសវត្សរ៍នេះ ដែលនឹងដឹកអ្នកដំណើរពី ៦៤នាក់ទៅ៨០នាក់ ក្នុងល្បឿនលឿនជាងសំលេង Mach 1.7 ឬប្រហែលពីរដងនៃល្បឿនយន្តហោះលឿនជាងសំលេងនាពេលបច្ចុប្បន្ននេះ។
យន្តហោះ XB-1 ដែលកំពុងមានតម្រូវការយ៉ាងក្តៅគគុកនេះ មានការបញ្ជាទិញចំនួន ១៣០គ្រឿងរួចហើយ ពីក្រុមហ៊ុនអាកាសចរណ៍ American Airlines, United Airlines និង Japan Airlines៕
ប្រភព ៖ CNN ប្រែសម្រួល ៖ ឈឹម ទីណា
