ជប៉ុនផ្តល់ថវិកាជាង ៤៤ម៉ឺនដុល្លារអាមេរិក សម្រាប់ការស្តារប្រព័ន្ធធារាសាស្ត្រ និងការសាងសង់ស្ពានក្នុងខេត្តចំនួន ៣ នៅកម្ពុជា
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ(គូសាណូណ៌) ដែលមានទឹកប្រាក់សរុបចំនួន ៤៤៦.៨០១ដុល្លារអាមេរិក សម្រាប់ការស្តារប្រព័ន្ធធារាសាស្ត្រ និងការសាងសង់ស្ពាននៅតាមសហគមន៍ក្នុងប្រទេសកម្ពុជា។
ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ ត្រូវបានធ្វើឡើងនៅថ្ងៃទី៣០ ខែមករានេះ ដោយឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំកម្ពុជា និងតំណាងស្ថាប័នទទួលជំនួយដើម្បីអនុវត្តគម្រោងនៅកម្ពុជា។
គម្រោងទាំងបីនោះរួមមាន៖ ទី១. គម្រោងស្តារប្រព័ន្ធធារាសាស្រ្តត្រពាំងព្រែកក្នុងខេត្តតាកែវ (ថវិកាចំនួន ១៨០,៣៩៦ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ ដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ទី២. គម្រោងសាងសង់ស្ពានក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ (ថវិកាចំនួន ១៥៤.៣៥៣ ដុល្លារ អាមេរិក) ស្ថាប័នទទួលជំនួយដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ និងទី៣. គម្រោងសាងសង់ស្ពានក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប (ថវិកាចំនួន ១១២,០៥២ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយដោយ រដ្ឋបាលឃុំខ្វាវ ។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខនេះ ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន បានឱ្យដឹងថា ថវិកាជំនួយឥតសំណងទាំងនេះ បែងចែកសម្រាប់គម្រោងស្តារប្រព័ន្ធធារាសាស្រ្តត្រពាំងក្រែក ក្នុងខេត្តតាកែវ ចំនួនជាង ១៨ម៉ឺនដុល្លារ ដែលម្ចាស់អនុវត្តគម្រោង គឺមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ដើម្បីស្តារប្រព័ន្ធធារាសាស្ត្រមានស្រាប់ គ្រាដែលតំបន់នេះងាយរងគ្រោះរាំងស្ងួតក្នុងរដូវប្រាំង ដោយសារប្រព័ន្ធធារាសាស្ត្រមិនអាចស្តុកទឹកបានគ្រប់គ្រាន់ក្នុងរដូវវស្សា។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋានប្រមាណ៣ពាន់នាក់ តាមរយៈការកែលម្អប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្ម ប្រកបដោយស្ថិរភាពពេញមួយឆ្នាំ។
ចំណែក ថវិកាចំនួនជាង ១៥ម៉ឺនដុល្លារទៀត នឹងផ្តល់ទៅឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ សម្រាប់អនុវត្តគម្រោងសាងសង់ស្ពានក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខណៈមានស្ពានមួយមិនទាន់សាងសង់រួចរាល់ ហើយត្រូវបានផ្អាកដោយសារខ្វះថវិកា បន្ទាប់ពីស្ពានរងការបាក់ស្រុតដោយទឹកជំនន់ក្នុងឆ្នាំ២០២៣ ហើយប្រជាជនមូលដ្ឋានជាង ១ម៉ឺននាក់ ត្រូវឆ្លងកាត់ទន្លេដោយប្រើប្រាស់ទូកតូចមួយ។
នៅសល់ថវិកាជាង ១១ម៉ឺនដុល្លារទៀត ផ្តល់ដល់រដ្ឋបាលឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីប្រើប្រាស់លើការសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ពានឈើពុកផុយបច្ចុប្បន្ន ខណៈប្រជាជនមូលដ្ឋានជាច្រើនតែងតែឆ្លងកាត់ស្ពាននេះ ដើម្បីទៅសាលារៀន កន្លែងធ្វើការ និងមន្ទីរពេទ្យ ព្រមទាំងដឹកជញ្ជូនកសិផល។
គួរបញ្ជាក់ថា ជំនួយឥតសំណងគូសាណូណីរបស់ជប៉ុន ចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយ ឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសល នានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជា ជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ ថវិកាជាង ៧០លាន ដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោង គូសាណូណ៌ ចំនួន ៦៩៤ គម្រោង នៅទូទាំងប្រទេសកម្ពុជា៕





អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា