អ្នកស្លាប់កើនជិត ៤០នាក់ បន្ទាប់ពីហេតុការណ៍រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនានៅឥណ្ឌា
ញូវដែលី ៖ គិតមកទល់ពេលនេះ ហេតុការណ៍រត់ជាន់គ្នាក្នុងអំឡុងពិធីបុណ្យសាសនានៅប្រទេសឥណ្ឌា បានធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងជិត ៤០នាក់ហើយ ខណៈដែលមនុស្ស ៦០នាក់ផ្សេងទៀតរងរបួស។
សោកនាដកម្មរត់ជាន់គ្នានេះ បានកើតឡើងនៅចម្ងាយប្រហែលមួយគីឡូម៉ែត្រពីចំណុចប្រសព្វដែលទន្លេ Ganges ទន្លេ Yamuna និងទន្លេតាមទវកថា Saraswati ជួបគ្នា ក្នុងទីក្រុង Prayagraj។ សាក្សីបានរាយការណ៍ពីទិដ្ឋភាពចលាចល ខណៈដែលក្រុមមនុស្សដ៏ណែនណាន់តាន់តាប់បាននាំគ្នារុញទៅមុខ បណ្ដាលឲ្យមនុស្សដែលកំពុងសម្រាក ឬអង្គុយនៅតាមមាត់ទន្លេនោះត្រូវបានជាន់ពីលើ។
អ្នកទាំងនោះបានបាត់បង់ជីវិតដោយសារការប្រជ្រៀតគ្នា សម្រុកធ្វើដំណើរទៅកាន់ទន្លេពិសិដ្ឋ ដើម្បីងូតទឹកលាងបាបក្នុងពិធីបុណ្យ Maha Kumbh Mela នៅទីក្រុង Prayagraj ភាគខាងជើងប្រទេសឥណ្ឌា ដែលមានការចូលរួមពីសំណាក់អ្នកប្រតិបត្តិសាសនាហិណ្ឌូប្រមាណ ១០០លាននាក់។
ទោះបីកើតមានឧបទ្ទវហេតុដ៏អាក្រក់នេះក៏ដោយ ក៏មិនអាចហាមឃាត់អ្នកកាន់សាសនាហិណ្ឌូពីការទៅងូតទឹកលាងបាបនៅទន្លេពិសិដ្ឋដែរ ពោលគឺនៅតែមានមនុស្ស ៥០លាននាក់រឹងទទឹងធ្វើពិធីសាសនាដដែល។
ពិធីបុណ្យ Kumbh Mela គឺរៀបចំឡើងរៀងរាល់១២ឆ្នាំម្តងនៅ Sangam ដែលជាចំណុចប្រសព្វនៃទន្លេដ៏ពិសិដ្ឋទាំងបី គឺ គង្គា យ៉ាមូណា និង សារ៉ាស្វាទី។ អ្នកកាន់សាសនាហិណ្ឌូមានជំនឿថា ការងូតនៅក្នុងទឹកពិសិដ្ឋនេះ នឹងលាងជម្រះអំពើបាបរបស់ពួកគេ ហើយជួយឲ្យពួកគេ ទទួលបានសេចក្ដីសង្រ្គោះ៕





ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា