រដ្ឋមន្រ្តីក្រសួងព័ត៌មានតម្រង់ទិសការងារដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប
សៀមរាប៖ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាល និងតម្រង់ទិសការងារដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរព័ត៌មានខេត្តសៀមរាប។
ក្នុងឱកាសនេះឯកឧត្តមបានលើកឡើង អំពីគោលការណ៍នៃការធ្វើកំណែទម្រង់ទៅលើរដ្ឋបាលសាធារណៈដែលមានធាតុបីសំខាន់ទី១.ការពង្រឹងប្រសិទ្ធភាពស្ថាប័ននិងគុណភាពការងារ ,ទី២.ប្រព័ន្ធជ្រើសរើសមន្រ្ដី និងទី៣.ប្រព័ន្ធលើកទឹកចិត្ដ។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវយុទ្ឋសាស្ត្របញ្ចកោណដំណាក់កាលទី១ដោយបានកំណត់មូលធនមនុស្សជាអាទិភាពសំខាន់ ។ជាមួយគ្នានេះក្រសួងនានា បានធ្វើវិភាជន៍ទៅលើមុខងារនិងធនធាមនុស្សហើយ មូលដ្ឋាននៃការជ្រើសរើសមន្រ្ដីឱ្យកាន់ការងារ តួនាទី តំណែងក្នុងក្របខ័ណ្ឌរដ្ឋ គឺជាធនធានមនុស្សប្រកបដោយគុណាធិបតេយ្យ សំដៅទៅលើគុណភាព សមត្ថភាព ចំណេះដឹង ទេពកោសល្យ ស្នាដៃ គួបផ្សំជាមួយសីលធម៌ គុណធម៌ សុជីវធម៌ ក្នុងនាមជាមន្រ្ដីរាជការ។
ឯកឧត្តមបន្តថា ក្រសួងព័ត៌មានបានរៀបចំផែនការអភិវឌ្ឍមូលធនមនុស្ស ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍របស់ខ្លួនដែលត្រូវធ្វើការបណ្តុះបណ្តាល លើជំនាញព័ត៌មាន ជំនាញសោតទស្សន៍ និងពង្រឹងទៅលើមនសិកាវិជ្ជាជីវៈ ជាមួយគ្នានេះក៏ផ្តល់ការលើកទឹកចិត្តជ្រើសរើសធនធានមនុស្សដែលមានសមត្ថភាពនិងឆន្ទៈការងារ ។ទន្ទឹមនេះក្រសួងក៏អនុវត្តតាមជាប្រចាំនូវអភិក្រមទាំង៥ ដែលសម្ដេចតេជោ ហ៊ុន សែន បានដាក់ចុះគឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”ដែលនេះគឺជាចំណុចច្បាស់លាស់ និងម៉ឺងម៉ាត់ នៃវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងសមត្ថភាព គុណភាព ប្រសិទ្ធភាពការងារនិងប្រសិទ្ធភាពស្ថាប័ន។
ឯកឧត្តម នេត្ត ភក្រា្ត ក៏បានណែនាំដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប បន្តកិច្ចខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនស្របតាមវិជ្ជាជីវៈ រក្សាសាមគ្គីភាពផ្ទៃក្នុង សហការស្អិតរមួតជាមួយបណ្តាមន្ទីរអង្គភាពនានានិងត្រូវមានភាពសកម្ម បុរេសកម្ម អន្ដរសកម្មលើការងារវិស័យព័ត៌មានក្នុងខេត្ត។មន្ទីរព័ត៌មានជាសេនាធិការរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ លើការងារគ្រប់គ្រងព័ត៌មាននៅក្នុងខេត្ដ ដែលចំណុចត្រូវយកចិត្ដទុកដាក់នោះគឺភាពសកម្ម បុរេសកម្ម អន្ដរសកម្មសំដៅពង្រឹងការងារទប់ស្កាត់ ឆ្លើយតប និងបន្សាបព័ត៌មានក្លែងក្លាយ ព្រមទាំងការងារគ្រប់គ្រងសាធារណមតិ ព្រោះថា កិច្ចការព័ត៌មាន និងសាធារណមតិជាកិច្ចការងារចាំបាច់ និងសំខាន់ណាស់ ។
ក្នុងរបាយការណ៍សង្ខេបស្តីពីសកម្មភាពការងារមន្ទីរព័ត៌មានខេត្តរបស់លោក សេង ផល្លី ប្រធានមន្ទីរព័ត៌មាន ខេត្តសៀមរាបស្តីទី បានឱ្យដឹងថា មន្ទីរបានរៀបចំការផលិតកម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃចំនួនបួន រួមមាន កម្មវិធីរួមគ្នាដើម្បីសង្គម, កម្មវិធីយើងធ្វើបាន ,កម្មវិធីសន្ទនាមតិ ,កម្មវិធីព័ត៌មានប្រចាំថ្ងៃ ។កម្មវិធីផ្តោតលើអភិបាលកិច្ចល្អ និងបម្រើឱ្យការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលមានវាគ្មិនជាមន្ត្រីជំនាញមកពីស្ថាប័នផ្សេងៗ និងបានធ្វើការផ្សាយផ្ទាល់ព្រឹត្តិការណ៍សំខាន់ៗក្នុងខេត្ត។រីឯសកម្មភាពចុះយកព័ត៌មាននិងផលិតព័ត៌មាន បានចំនួន ២ ៩៦៥លើក ប្រៀបធៀបឆ្នាំ២០២៣ កើនឡើង ១០លើក ស្មើចំនួន ០,៣៣ % ។ផលិតបានចំនួន១៧ ៤២៧អត្ថបទ ប្រៀបធៀបឆ្នាំ២០២៣ កើនឡើង ៨៨៥អត្ថបទ ស្មើចំនួន ៥,០៧ %៕




ដោយ៖ប៊ុនរដ្ឋា