ម៉ិកស៊ិកថា Google មិនអាចប្តូរឈ្មោះឈូងសមុទ្រ តាមតែចិត្តអាមេរិកទេ

បរទេស ៖ ប្រទេស ម៉ិកស៊ិក នឹងផ្ញើលិខិត ទៅកាន់ក្រុមហ៊ុន Google ស្តីពីការប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក ដោយអះអាងថា មិនអាចប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក ដោយឯកតោភាគី ឬ តាមតែចិត្តអាមេរិក បាននោះទេ។

ប្រធានាធិបតី ប្រទេសម៉ិកស៊ិក លោកស្រី Claudia Sheinbaum បាននិយាយ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ កាលពីថ្ងៃពុធថា ប្រទេសម៉ិកស៊ិកនឹងផ្ញើលិខិតទៅ Google ដើម្បីចង្អុលបង្ហាញថា ឈ្មោះសមុទ្រអន្តរជាតិ មិនអាចផ្លាស់ប្តូរទៅ ជាឈ្មោះឈូងសមុទ្រអាមេរិក ជាឯកតោភាគី តាមការទាមទារ របស់ប្រធានាធិបតីអាមេរិក លោក Donald Trump នោះឡើយ។

លោកស្រី Claudia Sheinbaum បាននិយាយថា «ការផ្លាស់ប្តូរឈ្មោះសមុទ្រអន្តរជាតិមិនមែនអាស្រ័យលើប្រទេសតែមួយទេ ប៉ុន្តែ ជាអង្គការ អន្តរជាតិ»។

លោក Donald Trump ដែលបានចូលកាន់តំណែង ក្នុងខែមករានេះ នៅតែការពារការសម្រេចចិត្ត របស់លោក ជុំវិញការប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក ដោយបានលើកឡើងពីសារៈសំខាន់នៃឈូងសមុទ្រ សម្រាប់ការផលិតប្រេង ការនេសាទ និងទេសចរណ៍ នៅក្នុងសហរដ្ឋអាមេរិក។

Google បានរាយការណ៍ កាលពីថ្ងៃចន្ទថា ខ្លួននឹងប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក ទៅជាឈូងសមុទ្រអាមេរិក នៅលើម៉ាស៊ីនមេរបស់ខ្លួន នៅសហរដ្ឋអាមេរិក ដោយអនុលោម តាមក្រឹត្យ របស់ លោក Donald Trump ។ តែ Google បានបញ្ជាក់ថា នៅក្រៅដីសហរដ្ឋអាមេរិក ឈ្មោះឈូងសមុទ្រម៉ិកស៊ិក នឹងនៅតែ មានដូច បច្ចុប្បន្ន ដដែល៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner