លោក Trump ស្នើលោក Musk ទៅយកអវកាសយានិកជាប់គាំងនៅស្ថានីយអវកាស ISS មកផែនដីវិញ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានស្នើឱ្យនាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk នាំយកអវកាសយានិករបស់ NASA ពីរនាក់ គឺលោក Butch Wilmore និងអ្នកនាង Suni Williams មកកាន់ផែនដីវិញ បន្ទាប់ពីពួកគេបានជាប់គាំងនៅលើស្ថានីយអវកាសអន្តរជាតិ ISS ជិត ២០០ថ្ងៃ។

លោក Donald Trump បានបង្ហោះសារនៅលើវេទិកាសង្គម Truth Social របស់គាត់កាលពីថ្ងៃអង្គារថា ខ្ញុំទើបតែបានស្នើឱ្យលោក Elon Musk និងក្រុមហ៊ុន SpaceX ទៅយកអវកាសយានិកដ៏ក្លាហាន ២នាក់ ដែលស្ទើរតែត្រូវបានបោះបង់ចោលដោយរដ្ឋបាលលោក Biden។ លោកបន្ថែមថា លោក Elon នឹងធ្វើវាក្នុងពេលឆាប់ៗនេះ។

នៅក្នុងការបង្ហោះសារនៅលើវេទិកា X នៅថ្ងៃដដែលនោះ លោក Elon Musk បានបញ្ជាក់ថា លោកប្រធានាធិបតី Trump បានស្នើសុំឱ្យ SpaceX នាំយកអវកាសយានិក ២នាក់ដែលជាប់គាំងនៅលើស្ថានីយអវកាស ISS មកផ្ទះវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ យើងនឹងធ្វើដូច្នេះ។ លោក Musk ក៏បានបញ្ជាក់ទៀតថា ជារឿងគួរឱ្យភ័យខ្លាច ដែលរដ្ឋបាលលោក Biden ទុកពួកគេចោលនៅទីនោះជាយូរមកហើយ។

កន្លងមក ជើងហោះហើរត្រឡប់មកផែនដីវិញ ត្រូវបានពន្យារពេលម្តងហើយម្តងទៀត ដោយសារបញ្ហាបច្ចេកទេសរួមបញ្ចូលគ្នា។ អវកាសយានិក Wilmore វ័យ៦១ឆ្នាំ និង Williams វ័យ៥៨ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់ស្ថានីយអវកាស ISS តាមរយៈយាន Boeing Starliner កាលពីថ្ងៃទី៥ ខែមិថុនាឆ្នាំមុន៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner