ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម​ ណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវ​តាមដាននិងសង្គ្រោះស្រូវប្រាំង​ដែលខ្វះខាតទឹក​ឱ្យអស់​ពីលទ្ធភាព

កំពង់ធំ៖ខណៈពេលអញ្ជើញពិនិត្យស្ថានភាពដំណាំស្រូវប្រាំងដែល​ខ្វះទឹកនិងខូចខាតជាង៣០០ហិកតា នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៩ ខែមករា ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មា​ធិការ​ជាតិ​គ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវតាមដាននិងសង្គ្រោះស្រូវប្រាំង​ដែលខ្វះខាតទឹក​ឱ្យអស់​ពីលទ្ធភាព។

នៅវាលស្រែប្រាំងដែលកំពុងខ្វះទឹក ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានដាស់តឿនដល់អាជ្ញាធរគ្រប់មូលដ្ឋាន​ត្រូវធ្វើការ​តាមដាន និងបូម​ទឹកស្រោចស្រពសង្គ្រោះស្រែស្រូវ​កសិករឱ្យបាន​ទាន់ពេលវេលានៅ​ពេលដែលមាន​ប្រភពទឹកស្រោច​សព្វគ្រប់គ្រាន់ ។មិនត្រូវទុកឱ្យស្រែ​កសិករណាម្នាក់រងខូចខាតដែល​មានប្រភពទឹកហើយអាជ្ញាធរពុំបានដឹងឬ​មិនបានជួយសង្គ្រោះនោះឡើយ។

ក្នុងឱកាសនេះដែរឯកឧត្តមទេសរដ្ឋមន្ត្រី បានចូលរួមសោកស្ដាយ​យ៉ាងខ្លាំងជាមួយប្រជាកសិករ ៤ភូមិនៅក្នុងឃុំសំព្រោជ​ដែលមាន​ស្រែសរុបជាង៣០០ហិកតា ដែលកំពុងខ្វះខាតទឹកស្រោចស្រពហើយ​ពុំមាន​ប្រភពទឹកក្នុងការបូម​សង្គ្រោះ​​ឱ្យបានទាន់ពេលវេលាដែល ប្រឈមនឹងការខូចខាតឬស្វិតស្រពោនពុំទទួលបានផល។

ជាដំណោះស្រាយសម្រាប់រយៈពេលវែងឯកឧត្តម គន់ គីម បានណែនាំដល់អាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវបង្កើតគណៈកម្មការ​ចម្រុះក្នុងការគ្រប់គ្រងអាងទឹកនិងធ្វើការណែនាំដល់ម្ចាស់អាងស្តុកទឹកទាំងអស់ត្រូវទុកអាងសម្រាប់ស្តុកទឹកនិងបញ្ឈប់ការធ្វើស្រូវប្រាំងនៅក្នុងអាងដែលជាហេតុនាំឱ្យខ្វះខាតទឹកក្នុងការស្រោចស្រព។

សូមបញ្ជាក់ថា ស្រូវប្រាំងនៃភូមិចំនួននៅឃុំសំព្រោជ ស្រុកស្ទោង មាន ភូមិពៃ ចំបក់ខ្ពស់ ដូនល្អ និងភូមិអូររំចេក មាន២២៣គ្រួសារ និងស្រែចំនួន ៣៤០ហិកតា ដែលទើបមានអាយុកាល៦០ថ្ងៃ ៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner