ត្រួសៗ ជុំវិញហេតុការណ៍យន្តហោះបុកឧទ្ធម្ភាគចក្រយោធានៅវ៉ាស៊ីនតោន
បរទេស ៖ យន្តហោះដឹកអ្នកដំណើរ ផ្ទុកមនុស្ស ៦៤នាក់ បានធ្លាក់ចូល ទៅក្នុងទន្លេមួយ ក្នុងទីក្រុង Washington DC បន្ទាប់ពីយន្តហោះមួយគ្រឿងនេះ បានបុកគ្នា ជាមួយនឹងឧទ្ធម្ភាគចក្រ របស់កងទ័ពអាមេរិក នៅលើអាកាស។
កាសែត BBC បានចេញផ្សាយថា ហេតុការណ៍នេះបានកើតឡើង នៅម៉ោងប្រហែល ៩យប់ថ្ងៃពុធម៉ោងនៅអាមេរិក ត្រូវនឹងព្រឹកថ្ងៃព្រហស្បតិ៍នេះ។ យន្តហោះ Bombardier CRJ700 របស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានបុកជាមួយឧទ្ធម្ភាគចក្ររបស់កងទ័ពអាមេរិក នៅពេលហោះទៅជិតអាកាសយានដ្ឋានជាតិ Ronald Reagan Washington នេះបើយោងតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធ។

យោងតាមក្រុមហ៊ុនអាកាសចរណ៍ American Airlines បានឱ្យដឹងថា យន្តហោះដឹកអ្នកដំណើរ បានចាកចេញពីទីក្រុង Wichita រដ្ឋ Kansas រីឯ មន្ទីរបញ្ចកោណ បាននិយាយថា ឧទ្ធម្ភាគចក្រវិញ គឺជា មូឌែលSikorsky H-60 ដឹក ទាហានអាមេរិកបីនាក់ ដែលបានហោះចេញពីមូលដ្ឋាន Fort Belvoir នៅក្នុងរដ្ឋ Virginia ។
ប្រភពបន្តថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ មន្ត្រីនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី បានបដិសេធមិនបញ្ជាក់ ពីរបាយការណ៍ស្តីពីជនរងគ្រោះនិងរបួស ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន ដោយនិយាយថា ពួកគេផ្តោតលើកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មាន CBS បានរាយការណ៍ថា សាកសពចំនួន ១៨ ត្រូវបានទាញចេញពីទឹក។
ជុំវិញរឿងនេះ លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា ជាគ្រោះថ្នាក់ដ៏គួរឱ្យភ័យខ្លាច ហើយថា លោកកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់។ លោកបានលើកឡើងនូវចម្ងល់ថា តើឧប្បត្តិហេតុនេះ អាចកើតឡើង បានយ៉ាងម៉េច។ រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth និងរដ្ឋមន្ត្រីដឹកជញ្ជូន លោក Sean Duffy និយាយថា ពួកគេកំពុងតាមដានស្ថានភាពនេះ។ នៅពេលសួរថាតើផ្លូវហោះហើរ នៅជិតអាកាសយានដ្ឋាន Ronald Reagan នឹងត្រូវបានផ្លាស់ប្តូរដែរឬទេ បន្ទាប់ពីឧបទ្ទវហេតុនោះ លោករដ្ឋមន្ត្រីដឹកជញ្ជូន Duffy បាននិយាយថា «យើងនឹងចាត់វិធានការសមស្រប ប្រសិនបើចាំបាច់»៕
ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត
