អភិបាលខេត្តកំពង់ចាម អញ្ជើញពិនិត្យប្រព័ន្ធធារាសាស្ត្រក្នុងស្រុកស្រីសន្ធរ ដើម្បីបញ្ចៀសការខ្វះទឹកសម្រាប់ស្រូវប្រាំង
កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពស្ថានីយបូមទឹកព្រែកពោធិ៍ សម្រាប់បញ្ចូលប្រព័ន្ធធារាសាស្ត្រនៃស្រុកស្រីសន្ធរផ្គត់ផ្គង់ទឹកដល់ដំណាំស្រូវក្នុងរដូវប្រាំងនេះ។
ស្ថានីយបូមទឹកព្រែកពោធិ៍ ក្នុងស្រុកស្រីសន្ធរនេះ មានម៉ូទ័របូមចំនួន ៧ គ្រឿង ដែលអាចបូមបញ្ចូលប្រព័ន្ធធារាសាស្ត្រ ស្រោចស្រពដំណាំស្រូវ លើផ្ទៃដីក្នុងចំនួន៧ឃុំ ក្នុងស្រុកដែលមានទំហំដីជាង ៨ ០០០ ហិកតា ។បន្ថែមពីលើនេះ ក៏មានឃុំមួយចំនួនទៀតរបស់ខេត្តកណ្ដាល ក៏បានទទួលទឹក ពីប្រព័ន្ធធារាសាស្ត្រនេះដែរ ។
ក្នុងសកម្មភាពនៅថ្ងៃទី៣០ ខែមករានេះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានឱ្យដឹងថា ថ្មីៗនេះម៉ូទ័របូមទឹកនៅស្ថានីយព្រែកពោធិ៍ខូចអស់ ៥ គ្រឿង ជាហេតុធ្វើឱ្យដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅចុងដៃប្រឈមនឹងការខ្វះទឹក ។មន្ត្រីជំនាញនៃក្រសួងធនធានទឹក និងឧតុនិយម នឹងចុះមកជួសជុលម៉ូទ័រទាំង ៥ គ្រឿងដែលខូច នៅល្ងាចថ្ងៃដដែលនេះ ឱ្យដំណើរការឡើងវិញ ។ ដូច្នេះចំពោះស្រូវរបស់ប្រជាពលរដ្ឋនៅចុងដៃដែលប្រឈម និងការខ្វះទឹកនោះ គឺអាជ្ញាធរខេត្ត អាចដោះស្រាយបានទាន់ពេលវេលា ៕
ដោយ៖លី ពៅ




