សាធារណរដ្ឋអាស៊ែបៃហ្សង់ ស្នើសុំមានកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលជាមួយកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាលបានទទួលជួប ឯកឧត្តម Shovgi Mehdizade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ទៅលើវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងឥតឈប់ឈររបស់ប្រទេសកម្ពុជានាពេលកន្លងមក ក្នុងនោះវិស័យសុខាភិបាល គឺជាវិស័យមួយដែលមានវឌ្ឍនភាពយ៉ាងឆាប់រហ័សក្នុងរយ:ពេលចុងក្រោយនេះ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ជំហររបស់សាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងការស្នើសុំមានកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងប្រទេសទាំងពីរ តាមរយៈការសិក្សាលទ្ធភាពលើការរៀបចំអនុស្សរណៈនៃការយោគយល់គ្នាដែលរួមមាន ការផ្លាស់ប្តូរចែករំលែកចំណេះដឹង បទពិសោធន៍ ស្តីពីជំងឺមហារីក ជំងឺរបេង សុខភាពបរិស្ថាន ជាដើម។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរ ដល់ការរីកចម្រើន របស់សាធារណរដ្ឋអាស៊ែបៃហ្សង់ និង បានឯកភាពជូនក្រុមការងារជំនាញ ពិនិត្យមើលលទ្ធភាព រៀបចំព្រាងកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល នៃប្រទេសទាំងពីរ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕
ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ






