ថ្នាក់ដឹកនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃគ្រប់លំដាប់ថ្នាក់ពួតដែគ្នាជួយឧបត្ថម្ភឱ្យវិស័យកីឡាក្រសួងមហាផ្ទៃមានការអភិវឌ្ឍកាន់តែប្រសើរ

(ភ្នំពេញ)៖ នាឱកាសពិធីប្រកាសស្ដីពីការតែងតាំងសមាសភាពក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានថ្លែងគូសបញ្ជាក់ថា លទ្ធផលដែលក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ សម្រេចបាននាពេលកន្លងមក បាននាំឱ្យក្រសួងមហាផ្ទៃ តែងតែស្ថិតនៅក្នុងចំណាត់ថ្នាក់ដ៏ល្អមួយ ក្នុងការចូលរួមប្រកួតប្រជែងទាំងកម្រិតថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ បើប្រៀបធៀបជាមួយក្រសួង ស្ថាប័នផ្សេងៗ ដែលលទ្ធផលទាំងអស់នេះ បានរួមចំណែកជួយលើកស្ទួយដល់វិស័យកីឡារបស់កម្ពុជាឱ្យទទួលបាននូវកិត្យានុភាព និងកិត្តិយសសម្រាប់សង្គមជាតិរបស់យើងគួរជាទីមោទនៈ ។

ឯកឧត្តម បានលើកឡើងទៀតថា នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ (វិស័យកីឡាស្ថិតនៅបញ្ចកោណទី១៖ ការអភិវឌ្ឍមូលធនមនុស្ស (ការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា)។ នេះបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបន្តជួយលើកកម្ពស់ដល់វិស័យកីឡា។
ទន្ទឹមជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានផ្ដល់នូវអនុសាសន៍មួយចំនួនដើម្បីជាត្រីវិស័យបង្ហាញផ្លូវផងដែរ។

១.ថ្នាក់ដឹកនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលមានសមាសភាពជាថ្នាក់ដឹកនាំគ្រប់លំដាប់ ទាំងថ្នាក់ក្រសួង និងរាជធានី ខេត្ត ទាំងអស់ រួបរួមគ្នា នាបន្តនូវការជួយឧបត្ថម្ភជ្រោមជ្រែងទាំងប្រាជ្ញា ស្មារតី និងធនធាន ដើម្បីធ្វើឱ្យវិស័យកីឡារបស់ក្រសួងមហាផ្ទៃទទួលបានការអភិវឌ្ឍសមត្ថភាពកាន់តែប្រសើរស្របតាមស្តង់ដារកីឡា។

២.ឯកឧត្តម លោកជំទាវ អភិបាលរាជធានី ខេត្ត និងឯកឧត្តម លោកឧត្តមសេនីយ៍ស្នងការនគរបាលរាជធានី ខេត្ត សូមបន្តរៀបចំឱ្យមាននូវព្រឹត្តិការណ៍កីឡានៅថ្នាក់រាជធានី ខេត្ត ទៅតាមកម្រិតលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីជ្រើសរើសអត្តពលិកដែលមានទេពកោសល្យល្អ បញ្ជូនមកធ្វើការបណ្តុះបណ្តាលជាថ្នាលបន្តវេននៅតាមបណ្តាសហព័ន្ធកីឡាជាតិ។ ៣-ក្រុមប្រឹក្សាកីឡា គួរគិតគូវាយតម្លៃ និងធ្វើផែនការរួមមួយ សម្រាប់ជាទិសដៅដល់ការអនុវត្តការងារ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ក្នុងនោះដែរ ត្រូវបន្តការខិតខំកៀរគរមូលនិធិ ថវិកា និងសម្ភារៈពីសប្បុរសជន ក្រុមហ៊ុន អង្គការនានា ដើម្បីបន្តនិរន្តរភាព និងធានាបាននូវការហ្វឹកហាត់របស់អត្តពលិក គ្រប់ប្រភេទកីឡាចំណុះក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា ពីធីប្រកាស ស្តីពីការតែងតាំងសមាសភាពក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដើម្បីឱ្យស្របតាមអនុក្រឹត្យលេខ១៦៦ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ដែលបានកំណត់។ ការដែលក្រសួងមហាផ្ទៃ ធ្វើការកែសម្រួលនូវសមាសភាពក្រុមប្រឹក្សាកីឡា គឺដើម្បីឱ្យស្របតាមស្ថានភាព និងភាពរីកចម្រើននៃវិស័យកីឡារបស់ក្រសួងមហាផ្ទៃ ក៏ដូចជាដើម្បីស្របតាមសមាសភាពជាក់ស្តែងនៃរចនាសម្ព័ន្ធដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នេះផងដែរ ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner