រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវ ផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប នៅខេត្តបាត់ដំបង

(ខេត្តបាត់ដំបង)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប នៅស្រុកបវេល ខេត្តបាត់ដំបងកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ។

តំណាងប្រជាកសិករ បានធ្វើសេចក្តីរាយការណ៍ ពាក់ព័ន្ធនិងការខ្វះខាតទឹកស្រោចស្រពស្រូវនៅរដូវប្រាំង និងបានស្នើឱ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ជួយរកដំណោះស្រាយសង្គ្រោះស្រូវ ដែលកំពុងខ្វះខាតទឹក ស្ថិតនៅភូមិចំនួន៦ រួមមាន៖ ភូមិព្រៃខ្ពស់,ភូមិម៉ាក់ឃ្លឿ, ភូមិតាម៉ាត ,ភូមិបឹងជំនៀង ,ភូមិពោធិ៍ និងភូមិតាហ៊ី ។

ឯកឧត្តមរដ្ឋមន្ត្រី បានទទួលនូវសំណើរររបស់តំណាងកសិករ ក្នុងការជួយរកដំណោះស្រាយសង្គ្រោះស្រូវជូនពួកគាត់នៅរដូវប្រាំងដែលខ្វះទឹកស្រោចស្រព នៅថ្ងៃខាងមុខបន្តទៀត។

ដោយឡែក ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យប្រជាកសិករទាំងអស់ ត្រូវមានដីយ៉ាងតិច ១០០០ហិកតា ដើម្បីចងក្រងជាសហគមន៍កសិកម្មទំនើប ដែលមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងអនុវត្តស្របតាមទស្សនទាន «មានហូប មានប្រើ មានបាន និងមានរហូត»។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា សហគមន៍កសិកម្មទំនើបនេះ នឹងទទួលបានការគាំទ្របច្ចេកទេសពីក្រសួងកសិកម្មផ្ទាល់ តាមរយៈការសហការជាមួយមន្រ្តីកសិកម្មឃុំ និងក្រុមការងារជំនាញ ប្រការសំខាន់ប្រជាកសិករត្រូវកសាងទំនុកចិត្តជាមួយគ្នា ចេះសហការគ្នា គោរពតាមច្បាប់លក្ខន្តិកៈរបស់សហគមន៍ដែលបានចែង ដើម្បីទទួលបានផលចំនេញសេដ្ឋកិច្ច និងមាននិរន្តរភាព។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំទៅអាជ្ញាធរថ្នាក់ក្រោមជាតិ សហការជាមួយមន្ត្រីជំនាញកសិកម្ម ដើម្បីពិភាក្សាគ្នាឱ្យបានលម្អិតពីគោលការណ៍ និងអត្ថប្រយោជន៍នៃការចងក្រងសហគមន៍កសិកម្មទំនើប សម្រាប់យកព័ត៌មានចែករំលែក និងផ្សព្វផ្សាយបន្តទៅដល់ប្រជាកសិករឱ្យបានយល់កាន់តែច្បាស់ពីការចូលរួមជាមួយសហគមន៍កសិកម្មទំនើបនេះផងដែរ។

ស្របពេលជាមួយគ្នានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះជួបប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាខ្វះខាតទឹកបង្កបង្កើនផលស្រូវប្រាំង នៅស្រុកបវេលផងដែរ។

តាមរយៈការចុះពិនិត្យទីតាំងផ្ទាល់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំទៅប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ឱ្យបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរួមគ្នាដោះស្រាយបញ្ហាខ្វះខាតទឹក និងការចងក្រងសហគមន៍កសិកម្មទំនើប ជាពិសេសការផ្តល់បច្ចេកទេស ពូជ ធាតុចូលកសិកម្ម សំដៅដោះស្រាយបញ្ហាប្រឈមជូនប្រជាកសិករបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner