រដ្ឋមន្ត្រីការបរទេសកម្ពុជា និងទូតអង់គ្លេស ផ្លាស់ប្តូរទស្សនៈគ្នា លើមធ្យោបាយពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានផ្លាស់ប្តូរទស្សនៈ ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ កម្ពុជា-ចក្រភពអង់គ្លេស លើវិស័យជាច្រើន ក្នុងឱកាសដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទទួលជំនួបសម្តែងការគួរសម របស់ឯកឧត្តម ឯកអគ្គរាជទូត នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត Williams មានសេចក្តីសោមនស្ស រីករាយចំពោះទំនាក់ទំនងកាន់តែរីកចម្រើនរវាងប្រទេសទាំងពីរ និងជោគជ័យនៃ កិច្ចពិគ្រោះយោបល់ នយោបាយទ្វេភាគីលើកទី២ នៅទីក្រុងឡុងដ៍ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបានជំរុញឱ្យមានការ ផ្លាស់ប្តូរកម្រិតខ្ពស់។ ឯកឧត្តម ប្រាក់ សុខុន ទន្ទឹងរង់ចាំជួបសមភាគីអង់គ្លេសនាពេលខាងមុខ។

លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការ រៀបចំប្រកបដោយជោគជ័យនៃវេទិកាពាណិជ្ជកម្ម និងការវិនិយោគរួមគ្នា (JTIF) នៅខែវិច្ឆិកា ឆ្នាំ ២០២៤ នៅរាជធានីភ្នំពេញ ហើយបានទទួលស្គាល់ពីសារៈសំខាន់ នៃការរួមបញ្ចូលកម្ពុជា នៅ ក្នុងគម្រោងពាណិជ្ជកម្ម ប្រទេសកំពុងអភិវឌ្ឍន៍ (DCTS) សម្រាប់កំណើនសេដ្ឋកិច្ច។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការកោតសរសើរចំពោះការបន្តគាំទ្ររបស់ចក្រភពអង់គ្លេស រួមទាំង ការសម្រេចបន្តអត្ថប្រយោជន៍ដល់កម្ពុជា ក្រោមគម្រោង DCTS សម្រាប់រយៈពេលបីឆ្នាំបន្ថែមរហូតដល់ឆ្នាំ២០៣២ បន្ទាប់ពីកម្ពុជាចាកចេញពីឋានៈប្រទេស LDC ដើម្បីជួយធានាឱ្យមានការផ្លាស់ប្ដូរសេដ្ឋកិច្ចដោយរលូន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីឬ និងឯកឧត្តមឯកអគ្គរាជទូត បានពិភាក្សាលើការជំរុញទំនាក់ទំនងពាណិជ្ជកម្មតាមរយៈការវិនិយោគរបស់អង់គ្លេស រួមទាំងការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតងដំបូងរបស់កម្ពុជា និងគម្រោងនានាដូចជា៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលរចនាដោយក្រុមហ៊ុនអង់គ្លេស Foster + Partners។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត ដល់ការវិនិយោគរបស់អង់គ្លេសបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានសាទរចំពោះកំណើនចំនួនភ្ញៀវទេសចរអង់គ្លេសមកកាន់កម្ពុជា និងបានឯកភាព ក្នុងការរិះរកមធ្យោបាយ ពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍។

លើវិស័យការពារជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូ កឧត្តមឯកអគ្គរាជទូត បានកត់សម្គាល់ដោយពេញចិត្ត ចំពោះការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការនេះ ដែលបង្ហាញឡើង តាមរយៈ ទស្សនកិច្ចនៃនាវា Royal Navy របស់ចក្រភពអង់គ្លេសក្នុងឆ្នាំ២០២៣ និង២០២៤។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹកចក្រភពអង់គ្លេសនា ពេលខាងមុខ និងបានថ្លែងអំណរគុណ ដល់ចក្រភពអង់គ្លេស ដែលបានផ្តល់ការបណ្តុះបណ្តាល ដល់មន្ត្រីកម្ពុជា និងបានស្នើសុំឱ្យមានការផ្តល់អាហារូបករណ៍បន្ថែមទៀតដល់និស្សិតកម្ពុជា ។

លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ ការគាំទ្រដ៏មានតម្លៃរបស់ចក្រភពអង់គ្លេសដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា រួមទាំងវិស័យ អប់រំ ការថែទាំសុខភាព និងការដោះមីន។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ ចំពោះការបើក សាកលវិទ្យាល័យអង់គ្លេសដំបូងគេ (សាកលវិទ្យាល័យ ដី ម៉ុងហូត) នៅកម្ពុជា និងបានអំពាវនាវឱ្យ មានការផ្លាស់ប្តូរការអប់រំ និងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសឱ្យកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរាជទូត Williams ក៏បានផ្លាស់ប្តូរយោបល់លើបញ្ហា តំបន់ និងអន្តរជាតិមួយចំនួន ដែលជាផលប្រយោជន៍រួម ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner