ក្រុងបាវិតនឹងមានទីលានទុកដាក់សំរាមតម្លៃជាង១២លានដុល្លារ
ស្វាយរៀង៖ ក្នុងរយៈពេលមិនយូរឆ្នាំប៉ុន្មាន ក្រុងបាវិត ខេត្តស្វាយរៀង នឹងមានទីលានទុកដាក់សំរាមធំបង្គួរមួយដែលមានលក្ខណៈស្ដង់ដារតម្លៃជាង១២លានដុល្លារអាមេរិក បន្ទាប់ពីការដ្ឋានសាងសង់បានបើកជាផ្លូវការកាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ក្រោមការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិសាអភិបាលខេត្តស្វាយរៀង ។ទីលានទុកដាក់សំរាមក្រុងបាវិតដែលជាអនុគម្រោង នៃគម្រោងទីក្រុងគួរឱ្យចង់រស់នៅ ដែលគាំទ្រដោយថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល។
ទីលានទុកដាក់សំរាមដែលនឹងត្រូវធ្វើការសាងសង់ស្ថិតនៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
លោក ពូ ម៉ានិត អគ្គនាយករងនៃអគ្គនាយកដ្ឋានប្រពន្ធ័ចម្លោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគម្រោងបានឱ្យដឹងថា ទីលានទុកដាក់សំរាមដែលគ្រោងនឹងសាងសង់នេះមានផ្ទៃដីទំហំ ២១ ហិកតា ។គម្រោងនឹងបែងចែកដីប្រើប្រាស់ជា២ផ្នែកធំៗ។ គឺផ្នែកទី១. សាងសង់រណ្តៅចាក់សំរាមចំនួន៥ រណ្តៅ និងប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ចេញពីសំណល់ ។ផ្នែកទី២.សាងសង់ប៉ុស្តិសន្តិសុខ និងស្លាកសញ្ញាគម្រោង ,ធុងស្តុកសំណល់រាវនិងស្ពានថ្លឹងទម្ងន់ និងការិយាល័យ ,ផ្លូវចូលទីតាំងគម្រោងនិងផ្លូវក្នុងទីតាំងគម្រោង ,ប្រព័ន្ធលូបង្ហូរ អណ្តូងត្រួតពិនិត្យគុណភាពទឹក ,កន្លែងចំណត ,កន្លែងចែកចាយនិងផ្គត់ផ្គង់អគ្គិសនី ,អគាររដ្ឋបាល ,កន្លែងទទួលអាហារនិងកន្លែងសម្រាក ,កន្លែងញែកសំរាម ,កន្លែងរៀបចំធ្វើជីកំប៉ុស ,ធុងទឹកភ្លៀង ,កន្លែងផលិតហ្គាស ,ស្រះទឹកភ្លៀង ,ទីកន្លែងបន្ថែមសម្រាប់ទីលានញែកសំរា,ម កន្លែងសម្អាតរថយន្ត ,របង និងសួនច្បារដែលមានដាំដើមឈើជាដើម។
លោកពូ ម៉ានិត បានបន្ថែមថា គម្រោងខាងលើនេះ នឹងចូលរួមលើកកម្ពស់សោភណភាពក្រុងបាវិត ក្នុងការប្រកួតប្រជែងទីក្រុងស្អាត ដោយប្រែក្លាយទីក្រុងទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចតាមរយៈកែលម្អហេដ្ឋារចនាសម្ព័ន្ធបរិស្ថានក្រុង និងពង្រឹងសមត្ថភាពស្ថាប័នរបស់អាជ្ញាធរខេត្ត និងមូលដ្ឋាន។
ទាក់ទងនឹងគម្រោងដដែលនេះ លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានប្រពន្ធ័ចម្លោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគម្រោងបានឱ្យដឹងថា ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាជាមួយ ADB លើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងនេះនៅថ្ងៃទី៨ ខែធ្នូឆ្នាំ២០២១ មានចំនួន ១៩៣,២០ លានដុល្លារអាមេរិក ក្នុងនោះមាន ឥណទានសម្បទានពី ADB ចំនួន១៨០ លានដុល្លារ និងការចូលរួមជាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១៣,២០ លានដុល្លារ ហើយមានរយៈពេលអនុវត្តជាង ៦ឆ្នាំ ចូលជាធរមាននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៨។ទន្ទឹមនេះ ភ្នាក់ងារប្រតិបត្តិគម្រោង សម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលត្រូវអនុវត្តអនុគម្រោងចំនួន៥ ក្នុងនោះ ២អនុគម្រោងស្ថិតក្នុងក្រុងបាវិត និង២អនុគម្រោងទៀតស្ថិតនៅក្រុងប៉ោយប៉ែត បន្ទាយ
មានជ័យ និងក្រុងកំពត ខេត្តកំពត ។
មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមប៉េង ពោធិ៍សា អភិបាលខេត្តបានលើកឡើងថា ទីលានទុកដាក់សំរាមថ្មីដែលមានទំហំធំ និងមានលក្ខណៈបច្ចេកទេសស្តង់ដារនឹងរួមចំណែកដល់ការអភិវឌ្ឍខេត្តស្វាយរៀង ពិសេសលើកកម្ពស់សុខភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ឯកឧត្តមគូសរំលេចបន្ថែមថា ក្រោមការគិតគូររបស់រាជរដ្ឋាភិបាលដែលមានសម្ដេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបានកៀងគរអ្នកវិនិយោគមកបណ្តាក់ទុននៅខេត្តស្វាយរៀងជាបន្តបន្ទាប់ ។បច្ចុប្បន្នមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៩ កន្លែងនិង៣កន្លែងទៀតកំពុងសាងសង់បន្ថែម និងរោងចក្រសហគ្រាសជាង១ពាន់កន្លែង បង្កើតការងារដល់ប្រជាពលរដ្ឋជិត១៤ម៉ឺនាក់៕
ដោយ៖នុត នាង