ខេត្តស្វាយរៀង បេីកការដ្ឋានសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត ដែលមានតម្លៃជាង ១២លានដុល្លារ
(ស្វាយរៀង)៖ អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត នៃគម្រោងទីក្រុងគួរឲ្យចង់រស់នៅ ស្ថិតនៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានបេីកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ។
លោក ពូ ម៉ានិត អគ្គនាយករង នៃ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹក ជញ្ជូន និងជាអនុប្រធានគម្រោង បានឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាជាមួយ ADB លើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងនេះ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ មានចំនួន ១៩៣,២០លានដុល្លារអាមេរិក ក្នុងនោះមាន ឥណទានសម្បទានពី ADB ចំនួន ១៨០លានដុល្លារអាមេរិក និងការចូលរួមជាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១៣,២០ លានដុល្លារអាមេរិក ហេីយមានរយៈពេលអនុវត្តជាង ៦ឆ្នាំ ចូលជាធរមាននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយគ្រោងបញ្ចប់នៅថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២៨។
ទន្ទឹមនេះ សម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុងគួរឲ្យចង់រស់នៅ គឺជាក្រសួងសាធារណការ និងដឹកជញ្ជូន ដែលត្រូវអនុវត្ត ក្នុងនោះ ២អនុគម្រោងស្ថិតក្នុងក្រុងបាវិត និង ២អនុគម្រោងទៀតស្ថិតក្នុងក្រុងប៉ោយប៉ែត និងក្នុងក្រុងកំពត។
លោក បានបន្តថា ទីលានទុកដាក់សំរាមដែលគ្រោងនឹងសាងសង់នេះមានផ្ទៃដីទំហំ ២១ ហិចតា ដោយបែងចែកដីប្រើប្រាស់ជា ២ផ្នែកធំៗគឺ ៖
ផ្នែកទី១៖ សាងសង់រណ្តៅចាក់សំរាមចំនួន ៥ រណ្តៅ និងប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ចេញពីសំណល់ ។
ផ្នែកទី២៖ សាងសង់ប៉ុស្តិសន្តិសុខ និងស្លាកសញ្ញាគម្រោង ធុងស្តុកសំណល់រាវ ស្ពានថ្លឹងទម្ងន់ ការិយាល័យ ផ្លូវចូលទីតាំងគម្រោង ផ្លូវក្នុងទីតាំងគម្រោង ប្រព័ន្ធលូបង្ហូរ អណ្តូងត្រួតពិនិត្យគុណភាពទឹក កន្លែងចំណត កន្លែងចែកចាយ និងផ្គត់ផ្គង់អគ្គិសនី អគាររដ្ឋបាល កន្លែងហូបអាហារ និងកន្លែងសម្រាក កន្លែងញែកសំរាម កន្លែងរៀបចំធ្វើជីកំប៉ុស ធុងទឹកភ្លៀង កន្លែងផលិតហ្គាស ស្រះទឹកភ្លៀង ទីកន្លែងបន្ថែមសម្រាប់ទីលានញែកសំរាម កន្លែងសម្អាតរថយន្ត របង និងសួនច្បារដែលមានដាំដើមឈើជាដេីម ។
ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានថ្លែងថា ក្រោមការគិតគូររបស់រាជរដ្ឋាភិបាលដែលមានសម្ដេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបានគៀងគរអ្នកវិនិយោគមកបណ្តាក់ទុនរកស៊ីនៅខេត្តស្វាយរៀង ដោយបច្ចុប្បន្នមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៩កន្លែងនិង ៣កន្លែងទៀតកំពុងសាងសង់បន្ថែម និងរោងចក្រសហគ្រាសជាង ១ពាន់កន្លែង បង្កើតការងារដល់ប្រជាពលរដ្ឋជិត ១៤មុឺននាក់។
ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា ដោយសារមានតំបន់សេដ្ឋកិច្ចពិសេសនិងរោងចក្រសហគ្រាសច្រើន តម្រូវការកម្មករ ក៏កាន់តែច្រើនផងដែរ ដូច្នេះចាប់ពីពេលនេះតទៅ បងប្អូនប្រជាពលរដ្ឋមិនចាំបាច់ធ្វើដំណើរទៅរោងចក្រចុះឈ្មោះធ្វើការងារទៀតទេ គឺអាចចុះឈ្មោះជាមួយនឹងអាជ្ញាធរភូមិ ឃុំសង្កាត់ ដើម្បីឲ្យអាជ្ញាធរដាក់សំណើទៅតាមបណ្ដារោងចក្រនោះតែម្ដង ៕
ដោយ ៖ នុត នាង