ឯកឧត្តម វ៉ាត់ ចំរើន ៖ រាជធានីខេត្តនិងសហព័ន្ធកីឡាជាតិ រួបរួមគ្នា រៀបចំការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិ ឱ្យមានភាពប្រែប្រួល ក្នុងរបត់ថ្មី
(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានថ្លែងបញ្ជាក់ ក្រោយ កិច្ចប្រជុំផ្សព្វផ្សាយបទបញ្ញត្តិទូទៅ និងបទបញ្ជាបច្ចេកទេសការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ទី៣១ ខែមករា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាថា នៅក្នុងឆ្នាំ២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡាត្រៀមរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិ ដែលជាការប្រកួតដ៏ធំទូទាំងប្រទេសតែម្តង។ ដូច្នេះមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្តទាំងអស់ រួមទាំងសហព័ន្ធកីឡាជាតិពាក់ព័ន្ធទាំងអស់នឹងរួបរួមគ្នា ក្នុងការរៀបចំឱ្យមានភាពប្រែប្រួល ក្នុងរបត់ថ្មីមួយ កុំឱ្យដដែលៗ ពោលគឺធ្វើយ៉ាងណាឱ្យមានគោលដៅកាន់តែច្បាស់លាស់ ដើម្បីទាញយកនូវអត្ថប្រយោជន៍ដែលទាញយកពីព្រឹត្តិការណ៍កីឡាថ្នាក់ជាតិទាំងពីកម្រិតនេះ ទាំងស្មារតី ទាំងគុណភាពបច្ចេកទេស ព្រមទាំងឱ្យសិស្សានុសិស្សទាំងអស់បានឈ្វេងយល់អំពីសារៈប្រយោជន៍នៃការរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់ជាតិនេះ។
បន្ថែមពីលើនេះ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំរូបនេះបានគូសបញ្ជាក់ទៀតថា ៖«ការបញ្ជ្រាបការផ្សពផ្សព្វផ្សាយនេះក៏បានបញ្ជាក់អំពីប្រធានបទច្បាស់លាស់ មានការដាក់សារអប់រំមួយចំនួនទៀត ទៅក្នុងសកម្មភាពអប់រំកាយ និងកីឡា ដោយផ្នែកអប់រំកាយ និងកីឡានេះជាសមាសធាតុមួយសំខាន់ណាស់ ក្នុងការបំពេញបន្ថែមទៅដល់ការសិក្សារបស់សិស្សានុសិស្ស។ ដូច្នេះ យើងទាំងអស់គ្នាបានខិតខំធ្វើកិច្ចការទៅតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់គុណភាពសិក្សារបស់សិស្សានុសិស្សនៅតាមសាលារៀន ដោយគុណភាពសិក្សានេះ ក៏មានអប់រំកាយ និងកីឡា នៅក្នុងនោះដែរ ដើម្បីឱ្យមានភាពគ្រប់ជ្រុងជ្រោយនៃលក្ខណៈសម្បត្តិក្នុងការសិក្សា និងគោលដៅរបស់ពួកគាត់។
ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា នៅក្នុងកិច្ចប្រជុំថ្ងៃនេះ គ្រប់រាជធានី-ខេត្ត និងសហព័ន្ធកីឡាជាតិទាំងអស់បានយល់ដឹង និងប្រឹងប្រែងជំរុញធ្វើឱ្យការប្រកួតថ្នាក់ជាតិនេះឱ្យការប្រែប្រួល ក្នុងរបត់ថ្មីមួយ ពីព្រោះយើងដឹងហើយថា យើងនឹងឈានទៅរកគោលដៅ ដែលរាជរដ្ឋាភិបាលកំពុងផ្តោតការយកចិត្តទុកដាក់ ក្នុងការជំរុញដល់ការត្រៀមទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩។ ការរៀបចំកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥នេះ គឺចំទៅនឹងគោលដៅនៃការធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ តែម្តង ដោយយើងត្រូវកសាងសមត្ថភាពរបស់កីឡាករ កីឡាការិនីចាប់ពីកម្រិតបឋមសិក្សាឡើងទៅ។ នេះជាការដាក់គោលដៅច្បាស់លាស់ និងខ្លឹមសារនៃដំណើរវិវឌ្ឍន៍ពីមួយជំហានទៅមួយជំហានឆ្ពោះទៅគោលដៅចុងក្រោយនៃការធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០២៩។
ឯកឧត្តម រដ្ឋលេខាធិកា បានគូសបញ្ជាក់ទៀតថា កិច្ចប្រជុំថ្ងៃនេះពិតជាមានសារៈសំខាន់ ដែលថ្នាក់ដឹកនាំទាំងអស់ ក៏ដូចជានាយកដ្ឋានជំនាញនៃក្រសួងអប់រំ យុវជន និងកីឡា រួមទាំងសហព័ន្ធកីឡាជាតិ មន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្តទាំងអស់បានយល់ច្បាស់អំពីគោលដៅចម្បងៗរបស់យើងទាំងអស់គ្នា ក្នុងការស្វែងរកនូវគុណភាពនៃការរៀបចំការប្រកួតនេះ ឆ្ពោះទៅរកគោលដៅការធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ខាងមុខ៕
![](https://asset.ams.com.kh/central/media/2025/01/photo_2025-01-31_15-46-25-1024x768.jpg)
![](https://asset.ams.com.kh/central/media/2025/01/photo_2025-01-31_15-46-02-1024x768.jpg)
![](https://asset.ams.com.kh/central/media/2025/01/photo_2025-01-31_15-46-21-1024x768.jpg)
![](https://asset.ams.com.kh/central/media/2025/01/photo_2025-01-31_15-46-19-1024x768.jpg)
![](https://asset.ams.com.kh/central/media/2025/01/photo_2025-01-31_15-46-16-1024x768.jpg)
ថត ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ