អាមេរិកជះលុយ ៥០លានដុល្លារទិញស្រោមអនាម័យចែកប្រជាជនហ្កាហ្សា
វ៉ាស៊ីនតោន ៖ ការប្រឹងប្រែងរបស់រដ្ឋបាលថ្មី លោក ដូណាល់ ត្រាំ សម្រាប់ប្រសិទ្ធភាពរបស់រដ្ឋាភិបាលអាមេរិក បានរកឃើញរួចហើយនូវការចំណាយខ្ជះខ្ជាយដល់ទៅ ៥០លានដុល្លារ ដែលត្រូវបានបម្រុងទុកសម្រាប់ទិញស្រោមអនាម័យចែកចាយដល់អ្នករស់នៅក្នុងតំបន់ហ្គាហ្សា។
លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទសារព័ត៌មានលើកដំបូងរបស់ខ្លួនថា នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ស្ថិតក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់ថា រដ្ឋបាលអាណត្តិមុនរបស់លោក បៃដន បានខ្ជះខ្ជាយលុយដល់ទៅ ៥០លានដុល្លារ ដើម្បីទិញស្រោមអនាម័យចែកដល់ប្រជាជនរស់នៅតំបន់ហ្គាហ្សា។
ជាមួយគ្នានេះ លោកស្រី Leavitt បានចោទប្រកាន់រដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ថា គឺជារដ្ឋាភិបាលដែលមានការខ្ជះខ្ជាយ ក្នុងការចាយវាយលុយពីអ្នកជាប់ពន្ធទាំងអស់របស់សហរដ្ឋអាមេរិក។
សូមរម្លឹកថា លោក ត្រាំ បានបង្កើតនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ហៅកាត់ថា DOGE ដែលបានចាប់ផ្តើមដំណើរការការងារ បន្ទាប់ពីលោក ត្រាំ បានស្បថចូលកាន់តំណែងកាលពីសប្តាហ៍មុន ហើយនាយកដ្ឋាននេះ នឹងត្រូវដឹកនាំដោយមហាសេដ្ឋីបច្ចេកវិទ្យាអាមេរិក លោក Elon Musk៕
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា
![](https://asset.ams.com.kh/central/media/2025/01/photo_2025-01-31_18-30-11-1024x680.jpg)